ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរចំពោះភាពលេចធ្លោរនៃការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា របស់ក្រុម CRBC ពិសេសចុងក្រោយនេះ គឺការអភិវឌ្ឍផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាគម្រោងទី១ និងជាប្រវត្តិសាស្ត្រនៅកម្ពុជា។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានមានប្រសាសន៍លើកទឹកចិត្តក្រុមហ៊ុន CRBC ពិនិត្យសក្ដានុពលថ្មីៗ ដើម្បីពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា។

ក្នុងឱកាសអនុញ្ញាតជូនលោក យ៉ាង ជៀ អគ្គនាយកក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ប្រចាំកម្ពុជា និងសហការី សម្របសម្រួលដោយលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តបណ្ឌិត ស សុខា បានចូលរួមអបអរសាទរចំពោះសមិទ្ធផលផ្លូវនិងស្ពានសរុបរាប់ពាន់គីឡូម៉ែត្រ ដែលក្រុមហ៊ុន បានចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ២០០១ មក។

ក្នុងនាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណក្រុមហ៊ុន CRBC ដែលបានផ្ដល់អំណោយមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយបរិចាគប្រាក់ ចំនួន ១លាន ៣សែនដុល្លារ ដល់រាជរដ្ឋាភិបាល និងកាក្របាទក្រហមកម្ពុជា និងចូលរួមគាំទ្រថវិកាដល់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង រួមទាំងការសាងសង់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសសាធារណការ និងដឹកជញ្ជូន ព្រមទាំងបានផ្ដល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្ស និងនិស្សិតកម្ពុជា។

ក្រៅពីនេះ ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល សក្ដានុពលនៃច្បាប់វិនិយោគថ្មី ព្រមទាំងការធ្វើវិមជ្ឈការផ្ទេរសិទ្ធិសម្រេចគម្រោងវិនិយោគតម្លៃ ៥លានដុល្លារចុះ ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ដើម្បីផ្ដល់ឱកាសពង្រីកសក្ដានុពលទាក់ទាញគម្រោងវិនិយោគនៅថ្នាក់ក្រោមជាតិ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានស្នើក្រុមហ៊ុនចិនចូលរួមផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍របស់កម្ពុជា ទៅកាន់សាធារណជនចិន និងពិភពលោកផងដែរ។

លោក យ៉ាង ជៀ អគ្គនាយកក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន CRBC ប្រចាំកម្ពុជា បានថ្លែងអំណរគុណឯកឧត្តមអភិសន្តិបណ្ឌិត ដែលអនុញ្ញាតជូនលោក និងសហការី បានចូលជួបសម្ដែងការគួរសម។ លោកអគ្គនាយក ក៏បានជម្រាបឧបនាយករដ្ឋមន្ត្រី ថា ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនឆាយណា ខមញ៉ូនីខេសិន ខនស្ត្រាក់សិន (CCCC) ដែលជាក្រុមហ៊ុនជំនាញ រចនា សាងសង់ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅប្រទេសចិន ហើយក៏បានជាប់ចំណាត់ថ្នាក់ទី៦៣ ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង៥០០ ក្នុងពិភពលោក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ