ក្រសួងកសិកម្ម គ្រោងរៀបចំកម្មវិធីប្រឡងចៀរជ័រកៅស៊ូ និងប្រារព្ធខួប ១០០ឆ្នាំ នៃដើមកៅស៊ូចំណាស់ជាងគេនៅកម្ពុជា
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃម្សិលមិញ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសុំគោលការណ៍រៀបចំកម្មវិធីប្រឡងចៀរជ័រកៅស៊ូ និងប្រារព្ធខួប១០០ឆ្នាំ នៃដើមកៅស៊ូចំណាស់ជាងគេនៅកម្ពុជា នៅទីស្តីការក្រសួង។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានតម្រង់ទិសដល់អគ្គនាយកដ្ឋានកៅស៊ូអំពីគោលដៅ នៃការរៀបចំកម្មវិធីប្រឡងចៀរជ័រកៅស៊ូ ដែលធ្វើឡើងដើម្បីបង្ហាញពីសមត្ថភាពចៀរជ័ររបស់កម្មករប្រកបរបរចៀរជ័រកៅស៊ូ។ ការប្រឡងនេះទៀតសោត ដើម្បីទទួលបានការគាំទ្រ និងទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជន។ ឯកឧត្តមគូសបញ្ជាក់ថា ត្រូវរៀបចំឱ្យមានលក្ខណៈសប្បាយរីករាយ និងត្រូវជំរុញការផ្សព្វផ្សាយឱ្យបានផុលផុស។
លោក ឌិត ទីណា បានសង្កត់ធ្ងន់អំពីការវាយតម្លៃដាក់ពិន្ទុ ដែលត្រូវធ្វើឡើងដោយសុក្រឹត្យ ស្របតាមលក្ខខណ្ឌកំណត់ ដោយផ្ដោតលើល្បឿននៃការចៀរជ័រ សោភណ្ឌភាព និងជាពិសេសគឺភាពត្រឹមត្រូវទៅតាមបច្ចេកទេសនៃការចៀរជ័រ។
ដោយឡែក ពាក់ព័ន្ធនឹងការរៀបចំពិធីប្រារព្ធខួប១០០ឆ្នាំ នៃចម្ការកៅស៊ូចំណាស់ជាងគេនៅកម្ពុជា ដែលបានដាំតាំងពីឆ្នាំ១៩២៤ លោករដ្ឋមន្ដ្រី ឯកភាពរៀបចំតាមផែនការដែលបានគ្រោងទុក។ លើសពីនេះ លោក មានបំណងរៀបចំទីតាំងចម្ការកៅស៊ូនេះឱ្យក្លាយទៅជា «សួនអភិរក្សចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជា» នាពេលខាងមុខ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ