លោកឧបនាយករដ្ឋមន្ត្រី ៖ កុមារត្រូវទទួលការថែទាំ ការអប់រំ ទាំងចំណេះដឹង ស្មារតី មនសិការស្នេហាជាតិ និងសីលធម៌
ភ្នំពេញ ៖ ពីវេទិកាអធិបតីនៃពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ប្រារព្ធនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កុមារត្រូវតែទទួលបានការថែទាំ អប់រំយ៉ាងយកចិត្តទុកដាក់ ទាំងទៅលើផ្នែកចំណេះដឹង ស្មារតី មនសិការស្នេហាជាតិ សីលធម៌នៅក្នុងការរស់នៅ។
បើតាម លោកឧបនាយករដ្ឋមន្ត្រី កុមារ គឺជាទំពាំស្នងឫស្សី កុមារគឺជាសសរទ្រូងសម្រាប់ប្រទេសជាតិ បើពិនិត្យតាមលក្ខខណ្ឌធម្មជាតិ ទំពាំងអាចលូតលាស់បាន ហើយអាចក្លាយជាអ្នកស្នងឫស្សីបាន លុះត្រាតែមានឫស្សីស្រករមុន ការពារពីការបោកបក់នៃខ្យល់ ពោលគឺទំពាំងគង់វង្ស ឬក៏មិនគង់វង្ស អាស្រ័យលើការការពាររបស់ឫស្សី។ រីឯកុមារវិញក៏ដូចគ្នា កុមារ ត្រូវការការពារ ការចិញ្ចឹមបីបាច់ថែរក្សាទំនុកបម្រុងផ្ចុងផ្តើមពីមនុស្សចាស់ មនុស្សជំនាន់មុន។ បើចង់បានអ្នកស្នងប្រទេសជាតិ ដែលខ្លាំង រឹងមាំ ទាល់តែពង្រឹង និងសម្រួចតាំងពីនៅក្មេងៗ។
ពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ក្រោមប្រធានបទការវិនិយោគលើកុមារ ថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល និងខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ រួមគ្នាអនុវត្តការប្តេជ្ញាចិត្តដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ, លោកឧបនាយករដ្ឋមន្ត្រី ចាត់ទុកពិធីនេះ ជាការបង្ហាញថា កម្ពុជា បាននិងកំពុងចូលរួមជាមួយនឹងបណ្តាប្រទេសនានានៅជុំវិញពិភពលោក ដើម្បីជំរុញដល់ការអនុវត្តសិទ្ធិកុមារ ទប់ស្កាត់អំពើហិង្សាលើកុមារ រួមទាំងចូលរួមបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅជុំវិញពិភពលោក និយាយ ជារួម និងនិយាយដោយឡែកកុមារនៅក្នុងប្រទេសកម្ពុជា។
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលបន្តវេន ក៏ដូចជានៅអាណត្តិមុនៗ បាន និងកំពុងតែផ្តោតការយកចិត្តទុកដាក់ទៅលើការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ ដោយធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ ទទួលបាននូវគុណភាព គុណតម្លៃ និងគុណធម៌នៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាពនិងសុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញនិងគោលការណ៍នីតិរដ្ឋ ក៏ដូចជាអនុសញ្ញា និងពិធីសារនានាពាក់ព័ន្ធនឹងសិទ្ធិកុមារ ក្នុងនោះដែរ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារឆ្នាំ២០១៩-២០២៩ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីធានាថា បញ្ហាកុមារ ត្រូវបានដាក់បញ្ចូលទៅគ្រប់វិស័យពាក់ព័ន្ធក្នុងការលើកកម្ពស់សិទ្ធិ សុវត្ថិភាព ស្ថានភាព និងជំនាញរបស់កុមារ។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានផ្ដល់អនុសាសន៍មួយចំនួនទៅកាន់ភាគីពាក់ព័ន្ធ និងអង្គពិធីទាំងមូល ក្នុងនោះសម្រាប់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល លើការអនុវត្តអនុសញ្ញាស្តីពីសិទិ្ធកុមារ ដោយបន្តធ្វើការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងកិច្ចការពារកុមារ ប្រកបដោយប្រសិទ្ធភាព៕