សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីអបអរសាទរ «ទិវាមច្ឆជាតិ ១ កក្កដា ២០២៤»
កំពងចាម ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ទិវាមច្ឆជាតិ ១ កក្កដា ២០២៤ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤។
ទិវាមច្ឆជាតិឆ្នាំ២០២៤នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំ ត្រី មេពូជ កូនត្រី និងវារីសត្វសរុបជាង ២០ប្រភេទ ចំនួនប្រមាណ ១,៥លានក្បាល ដូចជា ត្រីប្រា ត្រីពោ ត្រីឆ្អិន ត្រីកាហែ ត្រីគល់រាំង បង្កងទឹកសាប អណ្ដើក កន្ធាយ ដើម្បីលែងក្នុងបឹងធំ ខណៈបឹងនេះមាន ទំហំ និងជម្រៅសមស្របដែលអាចរក្សាទឹកនៅរដូវប្រាំង មានតួនាទីផ្តល់ជាប្រភពទឹកដ៏សំខាន់ សម្រាប់ការធ្វើ កសិកម្ម រក្សាទុកនូវត្រីមេពូជ សម្រាប់បន្តពូជ និងផ្តល់នូវប្រភពស្បៀងអាហារជាមូលដ្ឋាន សម្រាប់ប្រជាពលរដ្ឋ ក្នុងតំបន់នេះ ជាពិសេស សហគមន៍នេសាទទាំង៤ (សហគមន៍វិហារធំ សហគមន៍សាមគ្គីឃុំមៀន សហគមន៍បឹង ក្បាលក្រពើ និងសហគមន៍រកាគយ) ដែលមានប្រជានេសាទ ចំនួន ១ ៧៦៥នាក់ និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ផ្សេងទៀត ដែលពឹងពាក់លើផលនេសាទ សម្រាប់ជាអាហារមូលដ្ឋានប្រចាំថ្ងៃ។
យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេស កម្មវិធី គោលនយោបាយអាទិភាពទី៥ និងទី៦ សំដៅជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដែលរួមមានការលើកស្ទួយផលិតកម្ម ការរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល, ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០០៣មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតែងតែប្រារព្ធទិវាមច្ឆជាតិ ១ កក្កដា ដើម្បីផ្សព្វផ្សាយទិវាមច្ឆជាតិ ១ កក្កដា និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ។ ជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ