ភ្នំពេញ ៖ អ្នកនាំពាក្យឧបនាយករដ្ឋមន្ដ្រី ស សុខា បានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះ មានការ ផ្សព្វផ្សាយតាមបណ្តាញសង្គមដោយ បានសរសេរថា «លោក ស ខេង និង ស សុខា ត្រូវបាន ហ៊ុន សែន បញ្ជាអោយព័ទ្ធផ្ទះនិងឃុំខ្លួននៅក្នុងផ្ទះ ពាក់ព័ន្ធការមិនគាំទ្រគម្រោង CLV ។ ជាក់ស្តែងនៅក្នុងប្រតិបត្តិការ ១៨ សីហា ឆ្នាំ ២០២៤ កន្លងទៅ លោក ស ខេង និង ស សុខា មិនគាំទ្រហើយក៏មិនអនុញ្ញាតឲ្យកម្លាំង សមត្ថកិច្ចរបស់ខ្លួនចេញប្រតិបត្តិការដែរ។ យើងឃើញកម្លាំងដែលចេញប្រតិបត្តិការទាំងអស់ គឺជាកម្លាំង របស់ ហ៊ុន សែន និង ទាហានយួនពាក់ឯកសណ្ឋានខ្មែរ»។

អ្នកនាំពាក្យ បដិសេធយ៉ាងដាច់អហង្ការ និងចាត់ទុកថា ការ ផ្សព្វផ្សាយខាងលើនេះ គឺជាព័ត៌មានមិនពិត មានការរៀបចំសេណារីយ៉ូមូលបង្កាច់ ខុសការពិត ដែល មានចរិតបម្រើគោលបំណងដ៏ពិសពុលជ្រុលនិយមរបស់ខ្លួន ក្នុងការបំបែកបំបាក់សាមគ្គីភាព ឯកភាព ផ្ទៃក្នុងយ៉ាងរឹងមាំ ជាពិសេសក្នុងចេតនាបង្កើតឱ្យមានការភ័ន្តច្រឡំ និងមន្ទិលសង្ស័យមកលើគោល ជំហររបស់ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលកំពុង ដឹកនាំប្រទេស និងការពារផលប្រយោជន៍ជាតិ និងប្រជាជន។

អ្នកនាំពាក្យ បញ្ជាក់ដែរថា គ្មានការឃុំឃាំងខ្លួន សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និង លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅក្នុងគេហដ្ឋានដូចការផ្សព្វផ្សាយនោះឡើយ ដោយសម្តេចក្រឡាហោម និង ឯកឧត្តមអភិសន្តិបណ្ឌិត មានសិទ្ធិសេរីភាពពេញលេញក្នុងបេសកកម្មការងារបម្រើជាតិ និង ប្រជាជនជាប្រក្រតី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ