ភ្នំពេញ ៖ លោកសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១ បានមានប្រសាសន៍ថា គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព មានសារៈសំខាន់ណាស់ បើប្រហែសតែបន្តិច វានឹងនាំមកនៅគ្រោះថ្នាក់ ហើយអ្វីដែលសំខាន់នោះ គឺការបង្ការ និងទប់ស្កាត់បទល្មើសនានា។



នាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផលសម្រេចប្រចាំឆ្នាំ២០២៣ និងទិសដៅបន្តរបស់ក្រុមការងារទី១ នៃក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ លោកសន្តិបណ្ឌិត ខៀវ សុភ័គ បានលើកឡើងថា ៦ខែដើមឆ្នាំ២០២៣នេះ អាជ្ញាធររាជធានីភ្នំពេញ បានអនុវត្តនូវគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពយ៉ាងម៉ឹងម៉ាត់ ជាក់ស្តែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងមកនេះ អាជ្ញាធររាជធានីភ្នំពេញ រក្សាបានសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ។ រក្សាសន្តិសុខ សណ្តាប់យ៉ាងល្អប្រសើរផងដែរ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាប៉ារ៉ាហ្គេម លើកទី១២ ដោយទទួលបានលទ្ធផលល្អ ប្រសើរ គួរជាទីមោទនៈ។



លោកសន្តិបណ្ឌិត ខៀវ សុភ័គ បានមានប្រសាសន៍បន្តទៀតថា «គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព មានសារៈសំខាន់ណាស់ បើយើងប្រហែសតែបន្តិច វានឹងនាំមកនៅគ្រោះថ្នាក់ ហើយអ្វីដែលសំខាន់នោះ គឺការបង្ការ ទប់ស្កាត់បទល្មើស បើមានបទល្មើសកើតហើយ ទើបយើងបង្ក្រាប វាមិនល្អជាងការបង្ការ ទប់ស្កាត់ជាមុននោះទេ។ ដើម្បីឲ្យប្រជាពលរដ្ឋមានសន្តិសុខ លុះត្រាតែកម្លាំងអាជ្ញាធរ រាជធានីខេត្ត ស្រុក ខណ្ឌ រក្សាបានសន្តិសុខ។ សន្តិសុខ សណ្តាប់ធ្នាប់ផ្តើមចេញបុគ្គលខ្លួនឯង បើបុគ្គលខ្លួនឯង មានសន្តិសុខ អាជ្ញាធរ រាជធានីខេត្ត ស្រុក ខណ្ឌ មានសន្តិសុខ នោះប្រទេសជាតិទាំងមូលក៏មានសន្តិសុខពេញបរិបូរណ៍ដែរ»។



លោកសន្តិបណ្ឌិត បានបន្តថា គ្រោះថ្នាក់ចរាចរណ៍ក្នុង១ឆ្នាំៗ សម្លាប់មនុស្សជាង ២០០០នាក់ ដែលជាមធ្យមក្នុង១ថ្ងៃសម្លាប់មនុស្សប្រមាណ ៥នាក់។ ក្នុងនាមជាសមត្ថកិច្ចយើងត្រូវរួមគ្នាដើម្បីធ្វើយ៉ាងណា កាត់បន្ថយអោយបាននូវអត្រាមរណៈភាពអោយនៅក្រោម៥នាក់ក្នុងមួយថ្ងៃ។ លោក សង្ឃឹមថា អាជ្ញាធរ រាជធានីភ្នំពេញនឹងខិតខំបំពេញការងារអោយកាន់តែល្អបន្ថែមទៀត ដើម្បីរក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋ ព្រោះយើងជាអ្នកបំរើពួកគាត់៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ