នាយឧត្តមសេនីយ៍ ស ថេត បញ្ជាកម្លាំងនគរបាលទាំងអស់ បន្ដបង្ក្រាបក្មេងទំនើងនៅមូលដ្ឋានរបស់ខ្លួន កុំរង់ចាំតែបទបញ្ជារបស់ថ្នាក់ដឹកនាំ ត្រូវម្ចាស់ការក្នុងនាមជាសមត្ថកិច្ច
កំពង់ធំ ៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវបន្ដបង្ក្រាបករណីក្មេងទំនើងនៅមូលដ្ឋានរបស់ខ្លួន កុំរង់ចាំតែបទបញ្ជារបស់ថ្នាក់ដឹកនាំ ពោលត្រូវម្ចាស់ការទទួលខុសត្រូវខ្ពស់ក្នុងនាមជាសមត្ថកិច្ច។
ការដាក់បទបញ្ជាជាថ្មីរបស់នាយឧត្តមសេនីយ៍ ស ថេត ធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ត្រី ហេង សុផល ជាស្នងការនគរបាលខេត្តកំពង់ធំ ជំនួសលោកឧត្តមសេនីយ៍ទោ ម៉ែន លី ដែលត្រូវផ្ទេរទៅកាន់តំណែងជា ស្នងការនគរបាលខេត្តតាកែវ។
នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា ក្នុងនាមជាមន្ដ្រីនគរបាល ត្រូវតែបង្ក្រាបរាល់គ្រប់បទល្មើសទាំងអស់ ពិសេសករណីក្មេងទំនើងដែលជាក្ដីកង្វល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយថ្នាក់ដឹកនាំកំពូលតែងតែក្រើនរំលឹកជាបន្ដបន្ទាប់ឲ្យយកចិត្តទុកដាក់លើករណីនេះ។
នាយឧត្តមសេនីយ៍ អគ្គស្នងការនករបាលជាតិ បានកត់សម្គាល់ថា ករណីក្មេងទំនើងនេះ ប្រសិនបើបណ្ដែតបណ្ដោយច្បាស់ណាស់នឹងជះឥទ្ធិពលមិនល្អនៅថ្ងៃក្រោយ ហើយនឹងឈានដល់ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត ដូចជា ឃាតកម្ម ជួញដូរគ្រឿងញៀន និងប្លន់ប្រដាប់អាវុធជាដើម។
ក្រៅពីវិធានការច្បាប់ម៉ឺងម៉ាត់ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យនគរបាលទាំងអស់ ត្រូវអនុវត្តនូវវិធានការបង្ការ អប់រំ និងធ្វើរដ្ឋបាល ដើម្បីពន្យល់ណែនាំអំពីផលប៉ះពាល់ដល់យុវជន យុវតី ដែលជាទំពាំងស្នងឫស្សី ឲ្យប្រែក្លាយជាទំពាំងមួយដ៏ល្អសម្រាប់ប្រទេសជាតិ។ នាយឧត្តមសេនីយ៍ ក៏ណែនាំឲ្យយកចិត្តទុកដាក់លើការងារគ្រប់គ្រងមុខសញ្ញា ហើយត្រូវធ្វើបច្ចុប្បន្នភាពឲ្យបានច្បាស់លាស់។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏ជំរុញឲ្យយកចិត្តទុកដាក់កង្វល់របស់ប្រជាពលរដ្ឋ ចំពោះការអនុវត្តច្បាប់របស់មន្ដ្រី ពិសេសមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ពោលត្រូវអនុវត្តប្រកបដោយសីលធម៌ គុណធម៌ និងត្រូវបម្រើសេវាជូនប្រជាពលរដ្ឋតាមមូលដ្ឋានប្រកបដោយការទទួលខុសត្រូវ។
សូមរំលឹកថា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចេញសារសំឡេងពិសេសមួយ ពាក់ព័ន្ធនឹងវិធានការលើក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ