ភ្នំពេញ ៖ ក្រោយពីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ថ្មីៗនេះ បន្ទាប់ពីបានចំណាយពេលតាក់តែងចងក្រងជាង ៤ខែ, ក្រសួងព័ត៌មាន បានបោះពុម្ពធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មានចំនួន ២០,០០០ច្បាប់ សម្រាប់ចែកជូនអ្នកសារព័ត៌មាន យកទៅអាននិងអនុវត្ត ក្នុងគោលបំណងតម្រង់ទិសអ្នកសារព័ត៌មានកុំឱ្យដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិដែលខ្លួនមាន និងដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន។

ក្រសួងព័ត៌មាននឹងចែកជូនកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះដល់អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធទាំងអស់ដោយឥតគិតថ្លៃ។

នាឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទបូកសរុបការងារដឹកនាំក្រសួងព័ត៌មានរយៈពេល ១ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជាដែលជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនសម្រេចបានដោយក្រសួងព័ត៌មានក្នុងរយៈពេលមួយឆ្នាំមកនេះ នឹងជួយលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។ នេះជាលើកទី១ ដែលកម្ពុជាមានធម្មនុញ្ញក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈដែលត្រូវបានបង្កើតឡើងដោយអ្នកសារព័ត៌មាន ដើម្បីអ្នកសារព័ត៌មាន និងសម្រាប់អ្នកសារព័ត៌មាន។

លោក នេត្រ ភក្ត្រា បានបន្តថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» នេះ មិនមែនជាក្រមសីលធម៌ធម្មតានោះទេ ប៉ុន្តែ វាជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលសមាគម និងអង្គភាពសារព័ត៌មានអាចយកជាមូលដ្ឋានក្នុងការពង្រីកនិងបង្កើតជាក្រមសីលធម៌សម្រាប់ការអនុវត្តសម្រាប់សមាគម អង្គភាពសារព័ត៌មានរបស់ខ្លួន។ ចំណុចនេះជាមូលដ្ឋានរួមដែលមិនអាចនរណាម្នាក់បកស្រាយផ្សេងពីគ្នាបាននោះទេ ប៉ុន្តែ ត្រូវឈរនៅលើមូលដ្ឋានគោលការណ៍រួមតែមួយ»៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ