ភ្នំពេញ ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញសេចក្ដីជូនដំណឹងស្តីពី ការពង្រឹងវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់។

ក្នុងសេចក្ដីជូនដំណឹងរបស់ អាជ្ញាធរមីន បានជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយមស្តីពីស្ថានភាពធាតុអាកាស ប្រព័ន្ធសម្ពាធទាបនៅតែមានឥទ្ធិពលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង សមុទ្រ Andaman ភាគកណ្តាល និងខាងកើតឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា និងភាគកណ្តាល នៃអាងទន្លេមេគង្គ ហើយបណ្តាលឱ្យខ្យល់មូសុងនិរតីមានឥទ្ធិពលកាន់តែខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យរាជធានី ខេត្តមួយចំនួនរងឥទ្ធិពលទឹកភ្លៀងនិងអាចបង្កជាទឹកជំនន់។

ក្នុងពេល និងក្រោយពេលទឹកជំនន់ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមួយចំនួនអាចត្រូវបាន ប្រទះឃើញ ដោយសារការហូរច្រោះដី ឬហូរតាមខ្សែទឹកផ្សេងៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប្រជាពលរដ្ឋជាយថាហេតុ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់។

ក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ អាជ្ញាធរមីន សូមធ្វើ ការណែនាំដល់ប្រតិបត្តិករបោសសម្អាតមីន និងអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិ ផ្ទុះពីសង្គ្រាម និងគណៈកម្មាធិការសកម្មភាពមីនរាជធានី ខេត្ត ព្រមទាំងអំពាវនាវដល់គណៈកម្មការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងអប់រំ យុវជន និងកីឡា និងអគ្គស្នងការដ្ឋាននគរបាលជាតិចូលរួមសហការ អនុវត្តនូវវិធានការនានា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ