មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញរដ្ឋបាលខេត្តកណ្ដាល ក្តាប់ឱ្យបានរាល់សភាពការនានា ដើម្បីដោះស្រាយ និងឆ្លើយតបទាន់ពេលវេលា
ភ្នំពេញ ៖ លោក អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានជំរុញដល់រដ្ឋបាលខេត្តកណ្ដាល ត្រូវក្តាប់ឱ្យបាននូវរាល់សភាពការនានា ដែលកើតមានតាមក្រុង-ស្រុក ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីដោះស្រាយ និងឆ្លើយតបទាន់ពេលវេលា។
នាឱកាសអញ្ជើញបើកកិច្ចប្រជុំបូកសរុបការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត របស់រដ្ឋបាលខេត្តកណ្ដាល នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោក អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលខេត្តដែល បានខិតខំរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ទទួលបានលទ្ធផលគួរជាទីមោទនៈ។
លោករដ្ឋលេខាធិការ ក៏បានជំរុញ និងលើកទឹកចិត្តដល់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង។ ជាពិសេស ការចូលរួមក្នុងការ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ។
លោករដ្ឋលេខាធិការ គូសបញ្ជាក់ថា «រដ្ឋបាលខេត្ត ត្រូវបន្តពង្រឹងការងារគណៈបញ្ហាការឯកភាពខេត្តឱ្យបានរឹងមាំ ក្តាប់ឱ្យបាននូវរាល់សភាពការនានាដែលកើតមានតាមក្រុង-ស្រុកក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលដ្ឋអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវរៀបចំវេទិការសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្សីរួមគ្នាដោះស្រាយ»។
នាឱកាសនោះដែរ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់មានភាព ល្អប្រសើរ ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ ក្នុងអំឡុងពេលដំណើរការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដោយទទួលបានលទ្ធផលជោគជ័យ ល្អប្រសើរ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ