សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំកម្មវិធីដំណើរកម្សាន្តដោយឥតគិតថ្លៃ ជូនពលរដ្ឋទៅកាន់ខេត្តទាំង៤ នៅភូមិភាគភាគឦសាន
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យរៀបចំកម្មវិធីដំណើរកម្សាន្តដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង ៤នៅភូមិភាគភាគឦសាន រៀងរាល់ចុងសប្តាហ៍ ចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ ឆ្នាំ២០២៤។
ខេត្តទាំង៤ របស់កម្ពុជា នៅភូមិភាគភាគឦសាន រួមមាន ៖ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។
នាឱកាសអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ខ្ញុំ បានណែនាំឱ្យរៀបចំនូវ កម្មវិធីចំនួនពីរបន្ថែមទៀត, កម្មវិធីទីមួយ គឺដំណើរកម្សាន្តដោយឥតគិតថ្លៃ នៅរៀងរាល់សប្ដាហ៍ គិតចាប់ពីខែកញ្ញា រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៤ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនបានទៅដល់ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ដើម្បីបានឃើញទិដ្ឋភាពជាក់ស្ដែងនៅតាមផ្លូវព្រំដែន មើលការអភិវឌ្ឍរបស់ប្រជាជន នៅក្នុងខេត្តនោះ»។
សម្ដេចធិបតី រំលឹកថា នាពេលកន្លងទៅ សម្ដេច ក៏បានធ្លាប់អំពាវនាវដល់ប្រជាពលរដ្ឋ ទៅលេងខេត្តភាគឦសានឱ្យបានច្រើន ពិសេសខ្លះប្រជាពលរដ្ឋថា «ចង់ទៅដែរ តែអត់លុយ»។ ឥឡូវនេះ រាជរដ្ឋាភិបាល នឹងរៀបចំកម្មវិធីកម្សាន្តដោយផ្ដល់ជូននូវមធ្យោបាយដឹកជញ្ជូនរថយន្ត និងអាហារដោយឥតគិតថ្លៃ នៅរៀងរាល់ចុងសប្ដាហ៍ ចាប់ពីខែកញ្ញា រហូតខែធ្នូ ឆ្នាំ២០២៤។
ទន្ទឹមនឹងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំទៅកាន់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងទទួលភារកិច្ចនេះ ដើម្បីរៀបចំ និងដាក់ចេញជាព័ត៌មានលម្អិតអំពីការចុះឈ្មោះ និងពេលវេលា ដើម្បីអនុវត្ត។
សម្ដេចធិបតី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន និស្សិត ទៅលេងទៅមើលឱ្យស្គាល់ខេត្ត ស្រុក គោលដៅទេសចរណ៍ នៃតំបន់ភូមិភាគឦសាន្តប្រទេសកម្ពុជា ថាតើនៅព្រំដែនមានសភាពយ៉ាងណាខ្លះ តើផ្លូវដែលរាជរដ្ឋាភិបាលបាននិងកំពុងអភិវឌ្ឍនោះមានវឌ្ឍនភាពយ៉ាងណា តើប្រជាពលរដ្ឋរស់នៅទីនោះ មានជីវភាពល្អប្រសើរយ៉ាងណាខ្លះ តើអាចទេដែលថ្ងៃក្រោយ ប្រជាពលរដ្ឋទាំងនោះ នឹងក្លាយជាមិនមែនប្រជាពលរដ្ឋខ្មែរ តើអាចទេកម្ពុជានឹងត្រូវបាត់បង់ខេត្តទាំង៤?
សម្ដេចធិបតី បានបញ្ជាក់ថា ការដាក់ចេញនូវកម្មវិធីទាំងនេះ គឺដោយសារ សម្ដេច បានស្ដាប់មតិពីប្រជាពលរដ្ឋដែលលើកឡើងពីការព្រួយបារម្ភចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ DTA ហើយតាមស្ទង់មតិរបស់ សម្ដេច, ប្រជាពលរដ្ឋភាគច្រើនមិនសូវខ្វល់រឿង DTA ឬមិន DTA ទេ តែពួកគាត់ខ្វល់ខ្វាយខ្លាំងចំពោះរឿងការពារខេត្តទាំង ៤នោះ កុំឱ្យបាត់បង់ពីអធិបតេយ្យប្រទេសកម្ពុជា ហើយខ្វាយខ្វល់រឿងការថែរក្សាសន្តិភាព និងស្ថិរភាពជូនពួកគាត់ទូទាំងប្រទេស៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ