គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទទូចដល់ភាគីទាំងអស់ មុននឹងធ្វើសេចក្ដីសន្និដ្ឋាន ពាក់ព័ន្ធស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ត្រូវសិក្សាឱ្យបានច្បាស់លាស់
ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានទទូចដល់គ្រប់អង្គភាព ស្ថាប័ន និងភាគីទាំងអស់ មុននឹងធ្វើសេចក្តីសន្និដ្ឋាន ឬសម្តែងនូវការយល់ឃើញណាមួយ ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ត្រូវសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ និងផ្ទៀតផ្ទាត់ព័ត៌មានជាមុន។ នេះបើយោងតាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យ គ.ស.ម.ក.។
អ្នកនាំពាក្យ គ.ស.ម.ក. បានធ្វើការកត់សម្គាល់ជាមួយនឹងការសោកស្ដាយជាខ្លាំង ចំពោះក្តីបារម្ភមួយចំនួនដែលខ្វះមូលដ្ឋាន និងការផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវរបស់លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែលបានលើកឡើងកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ ដោយសារតែការលើកឡើងនេះមានលក្ខណៈបុរេវិនិច្ឆ័យ និងមើលតែមួយជ្រុង ដែលអាចបង្កឱ្យមានការភ័ន្តច្រឡំក្នុងចំណោមសាធារណជនទូទៅ។
អ្នកនាំពាក្យ គ.ស.ម.ក. គូសបញ្ជាក់ថា «សូមស្នើដោយទទូចដល់គ្រប់អង្គភាព ស្ថាប័ន និងភាគីទាំងអស់មុននឹងធ្វើ សេចក្តីសន្និដ្ឋាន ឬសម្តែងនូវការយល់ឃើញណាមួយពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា សូមធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ និងផ្ទៀតផ្ទាត់ព័ត៌មានជាមុនឱ្យបានត្រឹមត្រូវ»។
អ្នកនាំពាក្យ បន្ដថា គោលការណ៍រួម នៃការសន្និដ្ឋានពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសណាមួយត្រូវផ្អែកលើកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា សេដ្ឋកិច្ច នយោបាយ និងបរិបទជាក់ស្តែងនៃប្រទេស នោះ។
អ្នកនាំពាក្យ បន្ថែមថា ទន្ទឹមនឹងនេះ ត្រូវជៀសវាងធ្វើសេចក្តីសន្និដ្ឋានលើការអនុវត្តច្បាប់ ឬការដាក់ចេញនូវវិធានការផ្សេងៗ របស់អាជ្ញាធរមានសមត្ថកិច្ច ដោយគ្រាន់ផ្អែកតែលើបុគ្គលនោះជានរណា តែមិនបានផ្អែកលើទង្វើជាក់ស្តែង ដែលបុគ្គលនោះបានប្រព្រឹត្ត៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ