ភ្នំពេញ ៖ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានពន្យល់យ៉ាងលម្អិត ដោះស្រាយចម្ងល់របស់ប្រជាពលរដ្ឋ ចំពោះការតម្រូវឲ្យទៅធ្វើស្វ័យប្រកាស និងការមិនតម្រូវឲ្យទៅធ្វើស្វ័យប្រកាស ចំពោះអ្នកប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះ។

លោកបានបញ្ជាក់ថា ការប្រើប្រាស់របស់ប្រជាពលរដ្ឋប្រមាណ ៩៥ភាគរយ ក្នុងក្របខណ្ឌលំនៅដ្ឋាន គឺមិនមានពាក់ព័ន្ធនឹងបង់ថ្លៃអ្វីទាំងអស់។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន របស់អាជ្ញាធរអគ្គិសនីកម្ពុជាបំភ្លឺជុំវិញ «ការតម្រូវឱ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពល ពន្លឺព្រះអាទិត្យលើដំបូល ដែលពុំមានការអនុញ្ញាតមកដាក់ពាក្យស្វ័យប្រកាស» នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោក យឹម វិសិដ្ឋ បានថ្លែងថា កន្លងមកអាជ្ញាធរបានប្រកាសដល់អ្នកដែលដំឡើង ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្រ ត្រូវមកធ្វើស្វ័យប្រកាសតាំងពីថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០២៣ និងបានបញ្ចប់នៅដើមឆ្នាំ២០២៤ ប៉ុន្ដែដោយពិនិត្យឃើញថា យោងតាមការប្រកាសលើទី១នេះ ឃើញថាមានតែ៩៤នាក់ប៉ុណ្ណោះ ដែលបានមកធ្វើស្វ័យប្រកាស។

លោក បានបន្ដថា ដូច្នេះនៅពេលពិនិត្យតាមស្ថានភាពជាក់ស្ដែងឃើញថា នៅមានអ្នកប្រើប្រាស់ជាច្រើនទៀត ដែលមិនទាន់បានមកធ្វើស្វ័យប្រកាស ប្រសិនបើអាជ្ញាធរអគ្គិសនី បិទបញ្ចប់ការជូនដំណឹងត្រឹមនោះ ហើយធ្វើបែបបទមានន័យថា អ្នកធ្វើស្របច្បាប់មានត្រឹមតែ ៩៤នាក់ប៉ុណ្ណោះ ដោយឡែកអ្នកផ្សេងទៀតនឹងនៅក្រៅច្បាប់។ដូច្នេះហើយបានជាអាជ្ញាធរ សម្រេចប្រកាសរំលឹកម្ដងទៀត ដើម្បីមកធ្វើស្វ័យប្រកាស ដោយបានជូនដំណឹងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ជាលើកទី២។

លោកបានបញ្ជាក់ថា «ក្នុងនោះមានប្រជាពលរដ្ឋមានចម្ងល់ថា តើមានបរិក្ខាអគ្គិសនីបែបណា ដែលមិនស្ថិតក្នុងការធ្វើស្វ័យប្រកាស បរិក្ខាអគ្គិសនីដែលមិនស្ថិត ក្នុងការធ្វើស្វ័យប្រកាសរួមមាន ការតម្លើងប្រព័ន្ធសូឡាដាច់ដោយឡែក ដូចជាឆ្នាំដាំបាយ អំពូល ឬម៉ូទ័រដែលមិនស្ថិតក្រោមការធ្វើស្វ័យប្រកាសឡើយ»។

លោកបានបន្ថែមថា «តើនៅថ្ងៃខាងមុខយើងត្រូវគិតតម្លៃប៉ុន្មាន ខ្ញុំសូមជម្រាបជូនថា អាជ្ញាធរអគ្គិសនីកម្ពុជា យោងតាមគោលការណ៍របស់ក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជាកំពុងតែរៀបចំនូវបញ្ជីថ្លៃលក់មួយ សម្រាប់អ្នកប្រើប្រាស់ដែលដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺការរៀបចំគម្រោង ការរៀបចំថ្លៃនឹងពិគ្រោះយោបល់ ក្នុងពេលឆាប់ៗខាងមុខ សម្រាប់លំនៅដ្ឋានប្រជាពលរដ្ឋដែលដំឡើងថាមពលពន្លឺព្រះអាទិត្យ ដែលមានកម្លាំងមិនលើសពី ១០គីឡូវ៉ាត់ ឬ៥០អំពែនោះនឹងមិនតម្រូវឲ្យបង់ថ្លៃអ្វីទាំងអស់»។

លោកបានបញ្ជាក់ថា «ចំពោះប្រជាពលរដ្ឋធម្មតា សឹងតែ៩០ភាគរយ គឺមិនប៉ះពាល់អ្វីនោះឡើយ គាត់ដំឡើងថាមពលពន្លឺព្រះអាទិត្យ ក្នុងក្របខណ្ឌលំនៅដ្ឋាន គឺមិនមានពាក់ព័ន្ធនឹងត្រូវបង់ថ្លៃអ្វីទាំងអស់»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ