អតីតឧកញ៉ា ស្រី ស៊ីណា ដែលបាញ់សម្លាប់មនុស្សនៅខណ្ឌច្បារអំពៅ ត្រូវតំណាងអយ្យការសម្រេចចោទប្រកាន់ ២សំណុំរឿងពីបទ «ឃាតកម្ម ប៉ុនប៉ងឃាតកម្ម និងប្រើអាវុធខុសច្បាប់» ខណៈមនុស្ស ២នាក់ទៀត ត្រូវបានដោះលែងដោយសារមិនពាក់ព័ន្ធ
ភ្នំពេញ ៖ ក្រោយបញ្ចប់ការសួរនាំតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់២សំណុំរឿងលើអតីតឧកញ៉ា ស្រី ស៊ីណា ដែលបាញ់សម្លាប់មនុស្សនៅខណ្ឌច្បារអំពៅ ពីបទ «មនុស្សឃាត ប៉ុនប៉ងឃាតកម្ម និងប្រើអាវុធខុសច្បាប់»។ ដោយឡែក២នាក់ទៀត ត្រូវបានដោះលែងវិញដោយសាររកឃើញថា ពួកគេទាំង ២នាក់ មិនជាប់ពាក់ព័ន្ធនឹងអំពើបាញ់ប្រហារនេះ។
ក្រោយពីទទួលពិនិត្យ និងស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធនានា តំណាងអយ្យការបានសម្រេចចោទប្រកាន់លើ៖
សំណុំរឿងទី១ មានជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានប្រព្រឹត្តអំពើបាញ់ប្រហារបណ្តាលឱ្យជន រងគ្រោះ ០២នាក់បានស្លាប់ តំណាងអយ្យការបានធ្វើការចោទប្រកាន់លើឈ្មោះនេះពីបទ ឃាតកម្ម និងបទ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់ គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ។
សំណុំរឿងទី២ មានជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានប្រព្រឹត្តអំពើបាញ់ប្រហារបណ្តាលឱ្យជនរងគ្រោះ ០២នាក់រងរបួស តំណាងអយ្យការបានធ្វើការចោទប្រកាន់លើឈ្មោះនេះពីបទ ប៉ុនប៉ងឃាតកម្ម និងបទ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទះ និងគ្រាប់រំសេវ ។
ចំពោះឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង និងឈ្មោះ ទិន ទូច ហៅ រ៉ាដូ តំណាងអយ្យការបានសម្រេចដោះ លែងឱ្យមានសេរីភាពវិញ ដោយហេតុថាបុគ្គលទាំងពីរនាក់នេះ មិនមានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើសខាងលើនេះទេ។
សូមជម្រាបថា មនុស្ស២នាក់ផ្សេងទៀត ដែលត្រូវបញ្ជូនទៅតុលាការជាមួយខ្មាន់កាំភ្លើង ស្រី ស៊ីណា ឈ្មោះ សាន សុខចំរើន អាយុ ២៦ឆ្នាំ និងឈ្មោះ ទិន ទូច អាយុ ២៦ឆ្នាំ ដែលពួកគេទាំងពីរនាក់នេះ ម្នាក់ជាអ្នកដឹកឧកញ៉ាទៅធ្វើសកម្មភាព និងម្នាក់ទៀតដឹកឧកញ៉ាក្រោយធ្វើសកម្មភាពរួច។ ដោយឡែក ស្ដ្រីឈ្មោះ សាន ស្រីពេជ្រ និងម្ដាយ សមត្ថកិច្ចជំនាញគ្រាន់តែហៅទៅសួរនាំប៉ុណ្ណោះ មិនបានបញ្ជូនទៅតុលាការឡើយ។
សូមជម្រាបថា ក្រោយទទួលដំណឹងដ៏រន្ធត់ នៃអំពើបាញ់ប្រហារពីសំណាក់ឧកញ៉ា ស្រី ស៉ីណា, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់អោយបញ្ជូនមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដឹកនាំដោយលោកមេធាវី គី តិច ទៅជួប និងជួយទទួលការពារក្ដីតាមផ្លូវតុលាការ ជូនគ្រួសារជនរងគ្រោះ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ