កម្ពុជា នឹងមានប្រភពថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ ក្នុងពេលឆាប់ៗ ដើម្បីបង្កើនការផ្តត់ផ្គង់ថាមពលស្អាត ជូនប្រជាពលរដ្ឋ
ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឲ្យដឹងថា នាពេលខ្លីខាងមុខនេះ កម្ពុជានឹងដំឡើងថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ នៅក្នុងខេត្តមណ្ឌលគិរី និងតំបន់ភ្នំបូកគោ ក្នុងខេត្តកំពត ដើម្បីបង្កើនការផ្តត់ផ្គង់ថាមពលស្អាត ជូនដល់បងប្អូនប្រជាពលរដ្ឋបន្ថែមទៀត។
តាមរយៈវីដេអូខ្លី ដែលលោកឈរនិយាយអំពីថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ ក្នុងឧទ្យានមួយក្នុងប្រទេសចិន លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសកម្ពុជា នឹងឈានទៅធ្វើថាមពលដើរដោយខ្យល់ នៅក្នុងពេលខាងមុខដ៏ខ្លី គឺនៅក្នុងខេត្ដមណ្ឌលគិរី និងក្នុងតំបន់ភ្នំបូកគោ»។
បើតាមការបញ្ជាក់របស់លោក កែវ រតនៈ, ថាមពលដើរដោយខ្យល់នេះ គឺសំខាន់ខ្លាំងណាស់ ជាចំណែកមួយនៃការដាក់ថាមពលស្អាត នៅក្នុងពិភពលោក ហើយការដំឡើងថាមពលដើរដោយខ្យល់នេះ ដើម្បីជួយរុញថាមពលស្អាត និងថាមពលកកើតឡើងវិញ សម្រាប់ប្រព័ន្ធអគ្គិសនី នៅក្នុងប្រទេសកម្ពុជា។
សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុន ដែលចាប់អារម្មណ៍បោះទុនវិនិយោគនៅកម្ពុជា ហើយសម្តេចបានស្នើក្រុមហ៊ុនទាក់ទងជាមួយដៃគូ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាព និងស្វែងរកឱកាសធ្វើយ៉ាងណាឱ្យគម្រោងផលិតថាមពលអគ្គិសនី ដើរដោយកម្លាំងខ្យល់នេះ សម្រេចបានជាលទ្ធផលផ្លែផ្កាជាក់ស្តែង។
សូមបញ្ជាក់ថា ក្រុមហ៊ុន Blue Circle ជាក្រុមហ៊ុនអភិវឌ្ឍន៍ផ្តល់ហិរញ្ញប្បទាន និងធ្វើប្រតិបត្តិការគម្រោងថាមពលកកើតឡើងវិញ នៅតំបន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីឆ្នាំ២០១៣មក។
ក្រុមហ៊ុន Blue Circle បានបើកការិយាល័យដំបូងនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៥ ដោយក្រុមហ៊ុនបានជ្រើសរើសយកខេត្តមណ្ឌលគិរី ដើម្បីអនុវត្តន៍គម្រោងទីមួយរបស់ខ្លួន លើគម្រោងទាញយកថាមពលខ្យល់បំប្លែងជាអគ្គិសនី ដែលគ្រោងនឹងបើកដំណើរការ ចាប់ពីឆ្នាំ២០២៦តទៅ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ