ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រអប់រំជូនដល់គរុនិស្សិតជំនាន់ទី២ និងគរុសិស្សជំនាន់ទី៣១ ព្រមទាំងសម្ពោធដាក់ឱ្យប្រើប្រាស់ នូវអន្តេវាសិកដ្ឋានគ្រូ នៅវិទ្យាស្ថានគរុកោលស្យរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា គរុនិស្សិត គរុសិស្សជ័យលាភី ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ កាលពីឆ្នាំសិក្សា ២០២២-២០២៣ កន្លងទៅ ហើយដែលត្រូវទទួលសញ្ញាបត្រវិជ្ជាជីវៈគ្រូបង្រៀននៅថ្ងៃនេះ សរុប ២៦៦នាក់ ស្រី ១៨១នាក់ ក្នុងនោះគរុនិស្សិតថ្នាក់បរិញ្ញាបត្រ (១២+៤) ចំនួន ២៤៣នាក់ ស្រី ១៧២នាក់ និងគរុសិស្ស (១២+២) ចំនួន ២៣នាក់ ស្រី៩នាក់។

សូមរំលឹកថា វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ដែលដើមឡើយជាអតីត មជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញ និងសាលាគរុកោសល្យ និងវិក្រឹតការរាជធានីភ្នំពេញ។ វិទ្យាស្ថានមានភារកិច្ចបណ្ដុះបណ្ដាលគ្រូបង្រៀនថ្នាក់បរិញ្ញាបត្រអប់រំ តាមប្រព័ន្ធ ១២+៤ និងធ្វើវិក្រឹតការគ្រូបង្រៀន សម្រាប់កម្រិតបឋមសិក្សា និងកម្រិតមូលដ្ឋានបង្រៀននៅអនុវិទ្យាល័យ។ នៅឆ្នាំ ២០២២ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានទទួលស្គាល់ជាគ្រឹះស្ថានឧត្តមសិក្សា ដែលមានឋានៈស្មើ អគ្គនាយកដ្ឋាន។

តាមរយៈការអនុវត្តកំណែទម្រង់ គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានខិតខំធ្វើការអភិវឌ្ឍលើគ្រប់រូបភាព ទាំងខាងផ្នែករឹង និង ផ្នែកទន់ ដោយមានការគាំទ្រ ពីជំនួយហិរញ្ញប្បទានឥតសំណង របស់រាជរដ្ឋាភិបាល នៃប្រទេសជប៉ុន និងប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុន ប្រចាំកម្ពុជា និងទីភ្នាក់ងារ JICA រួមជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអង្គការដៃគូអភិវឌ្ឍនានាផ្សេងទៀត។

ក្នុងនោះដែរវិទ្យាស្ថាន ទទួលបានអគារអន្តេវាសិកដ្ឋានគ្រូ ១ខ្នង កម្ពស់ ៤ជាន់ មាន៧០បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ