ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្ឃឹមថា ភាគីចិន នឹងបន្តផ្តល់ជំនួយនានា ដើម្បីបម្រើដល់វិស័យសន្តិសុខ និងការបណ្តុះបណ្តាលផ្សេងៗ ដល់ក្រសួងមហាផ្ទៃកម្ពុជា។

ការបង្ហាញក្ដីសង្ឃឹមរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអនុញ្ញាឲ្យលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១ សីហា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងសន្តិសុខចិន និងក្រសួងមហាផ្ទៃកម្ពុជា នាពេលបច្ចុប្បន្ន និងនាពេលអនាគត។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជា និង ចិន មានទំនាក់ទំនងការទូតជិតស្និទ្ធជាមួយគ្នាប្រមាណជាង ៦ទសវត្សរ៍ ហើយដោយមានការឯកភាពគ្នារវាង សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅក្នុងឱកាសចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងប៉េកាំង កាលពីខែតុលា ឆ្នាំ២០២៣ ក្នុងការកំណត់យកឆ្នាំ២០២៤ នេះ ជាឆ្នាំ នៃ «ការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន» គឺជាការបន្តបើកច្រកក្នុងការជំរុញកិច្ចសហ-ប្រតិបត្តិការរវាងវិស័យឯកជន ក៏ដូចជារវាងប្រជាជន និងប្រជាជនទាំងពីរ ឲ្យកាន់តែមានភាពស្អិតរមួតបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រសួងសន្តិសុខចិន បានអញ្ជើញ លោក និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ដើម្បីចូលរួមកម្មវិធីវេទិកាសន្តិសុខសាធារណៈសកល ព្រមទាំងដើម្បីបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងកម្ពុជា-ចិន ខាងមុខនេះ ដើម្បីទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗពីភាគីចិន។

ជាការឆ្លើយតប លោក Wang Wenbin បានសម្តែងនូវការឯកភាពចំពោះការវាយតម្លៃរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា លើទំនាក់ទំនងត្បូងពេជ្រដ៏យូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-ចិន ។

លោក Wang Wenbin និងលោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់អំពីដំណើរការ នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងពិភាក្សាគ្នាពីការងារអន្តោប្រវេសន៍ ការបង្ក្រាបបទល្មើសផ្សេងៗ ការប្រយុទ្ធប្រឆាំងល្បែងពាណិជ្ជកម្ម រួមមានការជួញដូរ/រត់ពន្ធមនុស្ស និងគ្រឿងញៀន និងប្តេជ្ញាពង្រឹងការងារឲ្យកាន់តែល្អប្រសើរថែមទៀត។

ទន្ទឹមនឹងនេះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា សង្ឃឹមថា «ភាគីចិន នឹងបន្តផ្តល់ជំនួយនានា រួមមាន៖ ជំនួយគាំទ្រផ្នែកសម្ភារៈ និងបច្ចេកទេស បម្រើដល់វិស័យសន្តិសុខ និងការបណ្តុះបណ្តាលផ្សេងៗ ដល់ក្រសួងមហាផ្ទៃ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ