ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានប្រសាសន៍ថា ការវិនិយោគលើវិស័យអប់រំ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការកសាងធនធានមនុស្ស សម្រាប់ជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។



នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសិក្សា ២ខ្នង ២ជាន់ ២៤បន្ទប់ និងបំពាក់គ្រឿងសង្ហារឹមមួយកំប្លេរ ក្នុងសាលាវិទ្យាល័យ ហ៊ុន សែន ពានរោង ស្ថិតនៅភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ សម្ដេច ស ខេង បានថ្លែងអំណរគុណចំពោះ សន្តិបណ្ឌិត នេត សាវឿន និងលោកស្រី ព្រមទាំងសប្បុរសជននានា បានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន និងលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមកសាងសមិទ្ធផលជាអគារសិក្សាថ្មីនេះ ដើម្បីបម្រើដល់វិស័យអប់រំ ដែលជាវិស័យមានអាទិភាពខ្ពស់ក្នុងការអភិវឌ្ឍធនធានមនុស្ស។



សម្តេច មានប្រសាសន៍ថា «សារៈសំខាន់នៃការវិនិយោគលើវិស័យអប់រំ ខណៈដែលវិស័យមួយនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនៃការកសាងធនធានមនុស្សសម្រាប់ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ»។



សម្ដេច បន្ដថា ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតអាទិភាពទៅលើការពង្រឹងគុណភាពអប់រំ, ការបន្តកែទម្រង់សាលារៀនដោយផ្តោតលើការពង្រឹងសមិទ្ធផលដែលមានស្រាប់, ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលគ្រូបង្រៀន, ការបន្តលើកកម្ពស់ជីវភាព និងគុណតម្លៃបុគ្គលិកសិក្សាគ្រប់កម្រិត, ការបន្តលើកកម្ពស់ការអប់រំតាមបែបឌីជីថល, ការលើកកម្ពស់សុខភាពការសិក្សា និងការបង្កើនអាហារូបករណ៍សម្រាប់សិស្សនិស្សិតក្រីក្រ និងងាយរងគ្រោះ ព្រមទាំងការលើកកម្ពស់វិស័យកីឡាភ្ជាប់នឹងការអប់រំផងដែរ។



សម្តេច ស ខេង មានប្រសាសន៍គូសបញ្ជាក់ថា ការដាក់ចេញនូវគោលនយោបាយ និងវិធានការគន្លឹះទាំងនេះ គឺមានគោលដៅធ្វើឱ្យសាលារៀនក្លាយទៅជាអង្គភាពសេវាសាធារណៈ ដែលមានប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពជាមួយនឹងប្រជាជន និងសហគមន៍។ ដូច្នោះហើយ សាលារៀត្រូវតែអនុវត្តតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសលើការបង្រៀន និងការរៀន ដែលនឹងនាំទៅរកភាពវិជ្ជមាននៃលទ្ធផល សិក្សារបស់សិស្សានុសិស្ស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ