ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអះអាងថា កម្ពុជា ត្រូវតែរៀបចំបង្កើតច្បាប់ដើម្បីដាក់ទោសទណ្ឌលើអ្នកដែលនិយាយថា ប្រទេសកម្ពុជា មិនមានរបបប្រល័យពូជសាសន៍។

សម្តេចតេជោ ហ៊ុន សែន បានអះអាងបែបនេះ នៅក្នុងពិធីបិទសន្និសីទស្ដីពី « អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកថ្ងៃពុធ ទី២២ ខែឧសភានេះ។

មូលហេតុដែល សម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា ចង់ឱ្យមានច្បាប់ដើម្បីដាក់ទោសទណ្ឌលើអ្នកដែលនិយាយថា ប្រទេសកម្ពុជា មិនមានរបបប្រល័យពូជសាសន៍នេះ គឺដើម្បីផ្តល់យុត្តិធម៌ដល់អ្នកដែលបានចូលរួមវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ខ្មែរក្រហម។

សម្ដេចតេជោ ហ៊ុន សែន អះអាងថា សម្ដេច ត្រូវរងចាំអស់រយៈពេល៤៣ ឆ្នាំ ទើបរកយុត្តិធម៌ជូនពលរដ្ឋខ្មែរ ដែលស្លាប់ និងរងគ្រោះព្រោះរបបប្រល័យពូជសាសន៍។ ម្យ៉ាងវិញទៀត និងដែលពិសេសនោះ គឺសម្តេចតេជោ មិនចង់ឱ្យអ្នកនយោបាយទាំងឡាយយកបញ្ហាប្រល័យពូជសាសន៍នេះ ទៅធ្វើល្បែងនយោបាយបន្តទៅទៀត។

ជាមួយនឹងការលើកឡើងបែបនេះ សម្តេចតេជោ ហ៊ុន សែន ជាថ្មីម្តងទៀត បានថ្លែងអរគុណដល់កងទ័ពស្ម័គ្រវៀតណាមដែលបានចូលរួមជាមួយអ្នកតស៊ូកម្ពុជាក្នុងការវាយរំដោះប្រទេសកម្ពុជាពីកណ្តាប់របបប្រល័យពូជសាសន៍ខ្មែរក្រហមផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ