តាកែវ ៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។


គិរីសួគ៌ គឺជាកសិដ្ឋានរបស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល និងជាកសិដ្ឋានខ្នាតធំដំបូងគេបង្អស់នៅកម្ពុជា ដែលមានសង្វាក់ផលិតកម្មទំនើបបំផុត និងមានសមត្ថភាពផលិតទឹកដោះគោសុទ្ធស្រស់ ប្រកបដោយគុណភាពខ្ពស់ និងមានសារធាតុចិញ្ចឹមច្រើនជាងគេ។ ក្រុមហ៊ុន បានចាប់ផ្តើមដំណើរកសិកដ្ឋាននៅចុងឆ្នាំ២០២០។


ក្រុមហ៊ុន បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបានទទួលដីសម្បទានទំហំ ៣០០ហិកតា នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ ដើម្បីបង្កើតកសិដ្ឋាន ព្រមទាំងទទួលបានការសម្របសម្រួលសម្រាប់ការនាំចូលពូជគោផលិតទឹកដោះដ៏ល្បីល្បាញទូទាំងពិភពលោកមកពីប្រទេសអូស្រ្តាលីចំនួន ៥៥០ក្បាល តាមយន្តហោះមកកាន់កម្ពុជា។


កសិដ្ឋានគិរីសួគ៌ នាពេលបច្ចុប្បន្នមានគោយកទឹកដោះហ៊ុលស្ទីន (Holstein) សរុប ៩២៨ក្បាល គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ រួមបញ្ចូលទាំងគោ ដែលត្រូវបានបង្កាត់ក្នុងស្រុក និងមានភាពសំារួចជាស្រេចជាមួយនឹងអាកាសធាតុនៅកម្ពុជា។ កសិដ្ឋានប្រកាន់ខ្ជាប់នូវគោលការណ៍ផលិតកម្មទំនើប ទាំងការចិញ្ចឹម ការថែទាំ ការដាក់ចំណី និងការរឹតយកទឹកដោះ ដើម្បីធានាបាននូវសុខមាលភាពសត្វជាប់ជាប្រចាំ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ