ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍ បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ នៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងលោកជំទាវ កែ សួន សុភី ស សុខា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា មាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ រយៈពេល៨ថ្ងៃ នៅសហព័ន្ធស្វីស និងសាធារណរដ្ឋអាល្លឺម៉ង់។
ទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ បានព្រឹត្តទៅដោយមានការសម្របសម្រួល និងគាំទ្រពីរដ្ឋាភិបាលសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងគោលបំណងដកស្រង់បទពិសោធន៍បន្ថែមលើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់ ដើម្បីជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា។
ផ្ដើមទស្សនកិច្ចនៅសហព័ន្ធស្វីស ឯកឧត្តមអភិសន្តិបណ្ឌិត បានជួបពិភាក្សាការងារជាមួយឯកឧត្តម Alexandre Fesel រដ្ឋលេខាធិការក្រសួងការបរទេសសហព័ន្ធស្វីស ដោយភាគីស្វីសបានសន្យាបន្តគាំទ្រកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ព្រមទាំងផ្ដល់ជំនួយបច្ចេកទេសនានា គាំទ្រការបណ្ដុះបណ្ដាលធនធានមនុស្ស និងអ្នកអនុវត្តច្បាប់លើជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ការលាងលុយកខ្វក់ សន្តិសុខតាមប្រព័ន្ធអ៊ីនធើណេត និងគាំទ្រគម្រោងពង្រឹងសមត្ថភាពមន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ បានជួបពិភាក្សាជាមួយអភិបាលក្រុង Bern អភិបាលក្រុង Zollikofen និងស្ដាប់បទបង្ហាញដោយមន្រ្តីជាន់ខ្ពស់ស្វីសនិងអ្នកជំនាញការសរុប ចំនួន៥ប្រធានបទ ពាក់ព័ន្ធនឹងប្រព័ន្ធនយោបាយស្វីស តួនាទីទីក្រុង ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ការចូលរួមរបស់ប្រជាពលរដ្ឋស្វីសនិងយន្តការជាក់ស្ដែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ និងការទទួលខុសត្រូវក្នុងវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងអញ្ជើញទស្សនានិងស្វែងយល់អំពីសហព័ន្ធស្វីស និងទីក្រុងបុរាណផងដែរ។
នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ គណៈប្រតិភូកម្ពុជា បានបន្តដំណើរទៅកាន់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ឯកឧត្តមអភិសន្តិបណ្ឌិត បានជួបពិភាក្សាការងារជាមួយឯកឧត្តមអភិបាលក្រុង Kempten ទស្សនកិច្ចនិងស្ដាប់បទបង្ហាញ ចំនួន៥ ពាក់ព័ន្ធប្រព័ន្ធរដ្ឋបាលមូលដ្ឋាននៅអាល្លឺម៉ង់និងបទពិសោធន៍ក្រុង Kempten ភាពខុសគ្នារវាងរដ្ឋបាលមូលដ្ឋានស្វីសនិងអាល្លឺម៉ង់ យុទ្ធសាស្រ្តទីក្រុងឆ្លាតវៃ ការចូលរួមរបស់យុវជនក្នុងកិច្ចការដ្ឋបាលមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការអន្តរទីក្រុងក្នុងវិស័យការពារ និងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន។
បន្ទាប់មកគណៈប្រតិភូបានបន្តកម្មវិធីទស្សនកិច្ចនៅទីក្រុងម៉ូនិក ដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អមដំណើរដោយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Eric Beißwenger រដ្ឋមន្រ្តីនៃរដ្ឋបាវ៉ារីយ៉ា ទទួលបន្ទុកកិច្ចការអឺរ៉ុបនិងអន្តរជាតិ និងបន្តបានស្ដាប់បទបង្ហាញ ចំនួន៤ រួមមាន ប្រព័ន្ធអភិបាលកិច្ចពហុកម្រិតនៃរដ្ឋនាវ៉ារីយ៉ា ភារកិច្ចនិងមុខងារអាជ្ញាធរដ្ឋបាលថ្នាក់ខ្ពស់ ការត្រួតពិនិត្យរដ្ឋបាលមូលដ្ឋាន និងការរៀបចំពហុកម្រិតសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ និងការពារប្រជាពលរដ្ឋនៅរដ្ឋបាវ៉ារីយ៉ា ព្រមទាំងអញ្ជើញទស្សនាសួនច្បារពេញនិយម English Garden។
នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី២ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្ទាប់ពីចូលកាន់មុខតំណែងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់និងទស្សនវិស័យជឿនលឿនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។ ស្វីស និងអាល្លឺម៉ង់ បានចូលរួមគាំទ្រយ៉ាងសកម្មដល់ដំណើរកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា រួមទាំងការឈានទៅរៀបចំជាប្រវត្តិសាស្រ្តការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី១ ឆ្នាំ២០២២។
គឺក្នុងគោលដៅដកស្រង់បទពិសោធន៍បន្ថែមលើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសស្វីស និងអាល្លឺម៉ង់ ដើម្បីជំរុញដំណើរការកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ និងលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននេះហើយ ទើបបានជាក្នុងដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមមិនត្រឹមតែថ្នាក់ដឹកនាំក្រសួងមហាផ្ទៃប៉ុណ្ណោះទេ ប៉ុន្តែក៏មានដែរ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចជារដ្ឋបាលខេត្ត និងស្រុកមួយចំនួនទៀតផងដែរ៕