ក្រសួងបរិស្ថាន ថ្កោលទោសចំពោះបុគ្គលបោះសំរាមចោលក្នុងទន្លេ និងគាំទ្រចំពោះចំណាត់ការអាជ្ញាធររាជធានីភ្នំពេញ បានអនុវត្តច្បាប់ចំពោះអ្នកល្មើសច្បាប់
ភ្នំពេញ ៖ ក្រោយពីមានការបង្ហោះតាមបណ្តាញសង្គម ក៏ដូចជាបណ្តាញសារព័ត៌មាន នានាស្តីពីសកម្មភាព បោះសំរាមចោលចូលទន្លេសាប ដែលនាំឲ្យមានការរិះគន់យ៉ាងខ្លាំង ក្រសួងបរិស្ថាន នៅថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានពិនិត្យឃើញថា បុគ្គលបោះចោលសំរាមផ្តេសផ្តាស់ ចូលទៅក្នុងទន្លេ បានប្រព្រឹត្តល្មើសច្បាប់ ជាមួយអនុក្រឹត្យលេខ ១១៣ អនក្រ.បក ស្ដីពី«ការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន» ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ចេញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន សូមធ្វើការគាំទ្រចំពោះចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានការទទួលខុសត្រូវខ្ពស់ និងបានអនុវត្តច្បាប់ ធ្វើការផាកពិន័យនិងទោសទណ្ឌ ចំពោះបុគ្គលដែលបានបោះសំរាម ចោលទៅក្នុងទន្លេក្នុងភូមិសាស្រ្តរបស់ខ្លួន។
ក្នុងពេលនេះដែរ ក្រសួងបរិស្ថាន សូមថ្កោលទោសចំពោះ បុគ្គលណាដែលបោះចោលសំរាម សំណល់រឹងទីប្រជុំជននៅលើទីសាធារណៈ តាមដងផ្លូវ ទីវាល ដីកម្មសិទ្ធិ ឬ ទីកន្លែងដែល រដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌហាមឃាត់ការបោះចោលសំរាម សំណល់រឹងទីប្រជុំជន ដូចមានចែងក្នុងមាត្រា២០ ត្រូវទទួលការពិន័យជាអន្តរការន៍ជាប្រាក់ និងទណ្ឌកម្ម។
សូមបញ្ជាក់ មាត្រា២០ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បានបញ្ជាក់ថា ត្រូវបានហាមឃាត់ជាដាច់ខាតនូវការបោះចោល ឬ ការដុតសំរាម សំណល់រឹងទីប្រជុំជននៅតាមដងផ្លូវ ទីសាធារណៈ ទីវាល តាមប្រព័ន្ធលូ ឬ ប្រភពទឹកសាធារណៈ ឬ ក្នុងដីកម្មសិទ្ធិឯកជន។ រដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌត្រូវចាត់វិធានការទប់ស្កាត់ការបោះចោល ឬ ការដុតសំរាម សំណល់រឹងទីប្រជុំជន តាមដងផ្លូវ ទីសាធារណៈ ទីវាល ប្រព័ន្ធទឹកលូ ឬ ប្រភពទឹកសាធារណៈ ឬ ក្នុងដីកម្មសិទ្ធិឯកជន។
ក្រសួងបរិស្ថាន សូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងការបោះសំរាមចោលពាសវាលពាសកាល ដែលធ្វើឱ្យប៉ះពាល់ ដល់សុខភាពសាធារណៈ និងសោភណភាពទីក្រុង ឬទីប្រជុំជន។ ជាមួយគ្នានេះ សូមប្រជាពលរដ្ឋ ចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» រួមគ្នាការពារបរិស្ថាន ដើម្បីកម្ពុជាស្អាត គ្មានការបំពុលដោយសំរាម និងសំណល់ប្លាស្ទិក៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ