សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញការណែនាំចំនួន៥ចំណុច ដើម្បីពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការបំពេញការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានជាចំណែកដល់កិច្ចអភិវឌ្ឍន៍នៅមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ក្នុងសារលិខិតណែនាំ សម្តេចធិបតី បានបង្ហាញការកត់សម្គាល់ថា បន្ទាប់ពីការប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ រហូតមកដល់ចុងខែកុម្ភៈ ឆ្នាំ២០២៤ នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ធ្វើការប្រកាសសមាសភាពក្រុមការងារ និងបានសហការរៀបចំសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ជាបន្តបន្ទាប់។
ទន្ទឹមនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រាជធានី ខេត្ត ក៏បានសហការធ្វើការផ្សព្វផ្សាយគោលការណ៍សំខាន់ៗនៃកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការជាគន្លឹះរបស់រាជរដ្ឋាភិបាលសម្រាប់ នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងសហការធ្វើការគ្រប់គ្រងសភាពការណ៍នៅមូលដ្ឋាន ដើម្បីពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនៅតាមមូលដ្ឋាននានា សំដៅបំពេញការងារបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព ព្រមទាំងខិតខំចូលរួមសហការដោះស្រាយឆ្លើយតប បញ្ហាប្រឈមនានានៅមូលដ្ឋាន ជាពិសេសបញ្ហាប្រឈមពាក់ព័ន្ធជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ