ភ្នំពេញ ៖ លោក ព្រុំ ចាន់នី អគ្គនាយករងពន្ធនាគារ ត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួនពីបទពុករលួយ និងស៊ីសំណូក។
ប្រភពព័ត៌មាន បានឲ្យដឹងថា លោក ព្រុំ ចាន់នី អគ្គនាយករងពន្ធនាគារ នៃក្រសួងមហាផ្ទៃ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនពីបទពុករលួយ ស៊ីសំណូក និងការប្រកាសទ្រព្យសម្បត្តិមិនត្រឹមត្រូវ។ ក្រោយចាប់ខ្លួនលោក ព្រុំ ចាន់នី ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។
លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងនៅយប់ថ្ងៃទី២៩ កក្កដា នេះថា អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនសំណុំរឿងមួយ ទៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលម៉ិញ ថ្ងៃអាទិត្យ ដែលមានជនសង្ស័យមួយរូប ឈ្មោះ ព្រុំ ចាន់នី មានតួនាទីមុនឃាត់ខ្លួនជា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ដែលជាប់សង្ស័យពីបទសមគំនិតក្នុងអំពើស៊ីសំណូក តាមមាត្រា៥៩៤ នៃក្រមព្រហ្មទណ្ឌ និងការប្រកាសទ្រព្យសម្បត្តិមិនត្រឹមត្រូវ តាមមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
លោក អ៉ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ជនជាប់ចោទឈ្មោះ ព្រុំ ចាន់នី ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ ជាប់ចោទពីបទ សមគំនិតក្នុងអំពើស៉ីសំណូក រំលោភអំណាច និងបទប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិ និងបំណុល។
ក្រោយមានការសម្រេចពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសមត្ថកិច្ចបាននាំខ្លួនលោក ព្រុំ ចាន់នី ទៅពន្ធនាគារនៅថ្ងៃទី២៩ កក្កដានេះ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ