ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានអំពាវនាវឲ្យក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកបំប្លែងភេទ ក្រុមស្រ្តីបម្រើសេវានៅតាម គ្រឹះស្ថានកម្សាន្តសប្បាយមនុស្សពេញវ័យ ចូលរួមក្នុងការអនុវត្តនូវវិធានការបង្ការការចម្លង មេរោគអេដស៍ឲ្យបានត្រឹមត្រូវ ដើម្បីសុខភាពផ្ទាល់ខ្លួន និងដើម្បីទប់ស្កាត់ការចម្លងថ្មី និងឈានទៅ បញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥បានសម្រេចជោគជ័យ។

ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ “សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍” សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលឆ្ពោះទៅសម្រេចគោលដៅដែលជាមោទនភាពថ្មីមួយទៀត ដែលនោះ គឺជាការឈានទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥។

សម្ដេចបន្តថា ប្រធានបទ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ ២០២៣នេះ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីអាចបញ្ចប់ជំងឺអេដស៍បាន គឺ ទាមទារឲ្យមានការចូលរួមបានពេញលេញ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចដែលកម្ពុជាធ្លាប់បាននិងកំពុងបន្តអនុវត្ត ក្នុងការឆ្លើយតបទូលំទូលាយ និងពហុវិស័យ ទៅនឹងមេរោគ អេដស៍/ជំងឺអេដស៍ ដោយមិនទុកនរណាម្នាក់ឲ្យនៅឯកោឡើយ និងការបង្កើតឲ្យមានមធ្យោបាយអប់រំ ផ្សព្វផ្សាយថ្មីៗដែលមានលក្ខណៈ ឌីជីថល។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្ញើសារសំខាន់ៗ ជូនជនរួមជាតិ ជាពិសេសយុវជនដូចខាងក្រោម៖

១- ត្រូវប្ដេជ្ញាចិត្តចូលរួមទប់ស្កាត់ការរីករាលដាល និងបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ដោយប្រកាន់ខ្ជាប់ គោលការណ៍សមភាព និងបរិយាបន្ន

២- ត្រូវនាំគ្នា អនុវត្តវិធីសាស្ត្រ មិត្ត-អប់រំ-មិត្ត ក្នុងការចាកឆ្ងាយពីគ្រឿងញៀន ភាពភ្លើតភ្លើនផ្លូវភេទ ដែលជាហានិភ័យខ្ពស់នៃការឆ្លងមេរោគអេដស៍/ជំងឺកាមរោគផ្សេងៗ និងត្រូវខិតខំរៀនសូត្រ ថែរក្សា សុខភាព បរិភោគអាហារូបត្ថម្ភល្អដូចពាក្យចាស់ពោលថា “ស្រឡាញ់ខ្លួន ឲ្យស្ងួនចំណី

៣- ជនរួមជាតិ ដែលសង្ស័យថាបានប្រឈមនឹងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តរកមេរោគអេដស៍ឆាប់បំផុតទទួលបានការថែទាំសុខភាព និងត្រូវប្រើថ្នាំប្រឆាំង មេរោគអេដស៍ត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់

៤- ស្ត្រីមានផ្ទៃពោះ ទៅពិនិត្យនិងថែទាំផ្ទៃពោះជាមួយឆ្មប ឬគ្រូពេទ្យយ៉ាងហោចបាន៤ដងមុន សម្រាលកូន និងទទួលយកសេវាទប់ស្កាត់ការចម្លងមេរោគអេដស៍/ស្វាយ និងថ្លើម ពីសេវាសុខាភិបាល

៥- ពលរដ្ឋទាំងអស់ ចូលរួមលើកទឹកចិត្ត និងមិនត្រូវរើសអើងឬមាក់ងាយអ្នកផ្ទុកមេរោគ អេដស៍ និងអ្នកជំងឺអេដស៍ឡើយ

៦- អំពាវនាវដល់ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកបំប្លែងភេទ ក្រុមស្រ្តីបម្រើសេវានៅតាម គ្រឹះស្ថានកម្សាន្តសប្បាយមនុស្សពេញវ័យ។ល។ ត្រូវចូលរួមក្នុងការអនុវត្តនូវវិធានការបង្ការការចម្លង មេរោគអេដស៍បានត្រឹមត្រូវ ដើម្បីសុខភាពផ្ទាល់ខ្លួន និងដើម្បីទប់ស្កាត់ការចម្លងថ្មី និងឈានទៅបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ឲ្យបានសម្រេចជោគជ័យ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ