ឧបនាយករដ្ឋមន្ដ្រី ស សុខា ៖ សកម្មភាពចូលរួមពីសប្បុរសជន ក្នុងកម្មវិធី «សមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង» គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីសាមគ្គីភាព ព្រមទាំងបង្កើតទំនាក់ទំនងល្អរវាងគ្នា និងគ្នា
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានថ្លែងថា សកម្មភាពចូលរួមពីសប្បុរសជន ក្នុងកម្មវិធី «សមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង» គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីសាមគ្គីភាព បង្កើត ទំនាក់ទំនងល្អរវាងគ្នានិងគ្នា ដោយមិនប្រកាន់បក្ខពួកណាមួយឡើយ។
លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ លោកស្រី កែ សួនសុភី ស សុខា ក្នុងកម្មវិធី «សមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង» នាល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះអស់ពីចិត្តចំពោះ លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរជនទាំងអស់ បានចំណាយធនធានផ្ទាល់ខ្លួនដ៏ថ្លៃថ្លា ជាថវិកា និងសម្ភារៈ ចូលរួមចំណែកធ្វើកិច្ចការសង្គមក្នុងខេត្តព្រៃវែង តាមរយៈកម្មវិធីសមោសរដើម្បីការងារសង្គមខេត្តព្រៃវែង នេះ។ កាយវិការដ៏សប្បុរសរបស់ លោក លោកស្រីទាំងអស់ ពិតជាបង្ហាញឱ្យឃើញនូវឆន្ទៈ ស្មារតី និងបេះដូង ក្នុងការចែករំលែកមួយ ដែលប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិទាំងមូល និយាយជារួម និងសម្រាប់មូលដ្ឋានខេត្តព្រៃវែង និយាយដោយឡែក។
លោកឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «សកម្មភាពចូលរួមពីសប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស ជាការឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីសាមគ្គីភាព បង្កើត ទំនាក់ទំនងល្អរវាងគ្នានិងគ្នា ដោយមិនប្រកាន់បក្ខពួក ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ។ ជាងនេះទៅទៀត សកម្មភាពដ៏ល្អនេះ គឺជាការបន្តនូវវប្បធម៌ចែករំលែក ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការធានាបានសង្គមជាតិមួយដ៏រឹងមាំ និងប្រកបដោយភាពសុខដុមរមនា ក្រោមដំបូលនៃសន្តិភាព»។
លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា «ជំនួយរបស់សប្បុរសជនទាំងអស់ ទាំងពេលកន្លងមក ក៏ដូចជាពេលនេះ ពិតជាបានជួយដល់រដ្ឋបាលខេត្តព្រៃវែង ឱ្យមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយនិងឧបទ្ទវហេតុផ្សេងៗ បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពនិងតម្លាភាព ពិសេសឆ្លើយតបបានតាមសំណូមពររបស់ប្រជាពលរដ្ឋ ដោយមិនមានការរើសអើងនិន្នាការនយោបាយ»៕