សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ប្រជាពលរដ្ឋចេញពីរាជធានីភ្នំពេញ ទៅស្រុកកំណើតតាមរថយន្តក្រុងរៀបចំដោយអាជ្ញាធរភ្នំពេញ ប្រកបដោយទឹកមុខរីករាយ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានមើលឃើញថា ប្រជាពលរដ្ឋកំពុងធ្វើដំណើរ ចេញពីរាជធានីភ្នំពេញ ដើម្បីទៅស្រុកកំណើតតាមរយៈរថយន្តក្រុង ដែលរៀបចំដោយសាលារាជធានីភ្នំពេញ ប្រកបដោយទឹកមុខរីករាយ និងសុខសុវត្ថិភាព ក្នុងការធ្វើដំណើរ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១២ មេសា សម្ដេចធិបតីលើកឡើងថា «បងប្អូន អ៊ំពូមីង តាយាយ បានកំពុងធ្វើដំណើរ ចាកចេញពីរាជធានីភ្នំពេញ ដើម្បីទៅកាន់ ស្រុកកំណើតរៀងៗ ខ្លួនតាមរយៈរថយន្តក្រុង ដែលរៀបចំដោយសាលារាជធានីភ្នំពេញ ប្រកបដោយទឹកមុខរីករាយ និងសុខសុវត្ថិភាពក្នុងការធ្វើដំណើរ»។
សម្ដេចធិបតីបន្ដថា តាមរយៈការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយក៏ដូចជាសម្រួលដល់ ការធ្វើដំណើររបស់ពលរដ្ឋ ទៅកាន់ភូមិដ្ឋាន របស់ខ្លួនដើម្បីជួបជុំក្រុមគ្រួសារ រីករាយសាទរទទួលទេវតាឆ្នាំថ្មី ចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយបានរៀបចំនៅរថយន្តក្រុង ជាច្រើនរយគ្រឿង សម្រាប់ដឹកជញ្ជូន ប្រកបដោយការយកចិត្តទុកដាក់ ស្នាមញញឹម និងសុខសុវត្ថិភាពជានិច្ចទាំងទៅ និងត្រឡប់មកវិញ។
សូមរំលឹកថា អនុវត្តតាមប្រសាសន៍ របស់សម្តេចធិបតី កាលពីថ្ងៃ១៥ មីនា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្ត ក្រុងចំនួន៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយ ពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ