ឯកឧត្តម ស សុខា បង្ហាញមោទនភាពចំពោះការរួមចំណែករបស់ ស.ស.យ.ក. និងការស្ទុះឡើងនៃគុណភាពសិស្សថ្នាក់ទី១២ នៅខេត្តព្រៃវែង
ព្រៃវែង ៖ ការស្ទុះឡើងខ្លាំងនៃអត្រាសិស្សក្នុងខេត្តព្រៃវែង ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាពិសេសកំណើននៃចំនួនសិស្សជាប់និទ្ទេស A ក្នុងរយៈពេលជិត ១០ឆ្នាំមកនេះ ត្រូវបានឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ ចាត់ទុកជាសមិទ្ធផលរួមប្រកបដោយក្ដីមោទនៈយ៉ាងក្រៃលែង ដ្បិតលទ្ធផលនេះ ជាការបង្ហាញឱ្យឃើញពីការស្ទុះឡើងនៃវិស័យសិក្សាធិការជាតិ។
ក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ស សុខា បានប្រសាសន៍ចាត់ទុលលទ្ធផលនេះថា ជាមនុញ្ញផលកើតចេញពីបន្ទាត់នយោបាយកំណែទម្រង់ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលជំនាន់មុន ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧នេះ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។
ក្នុងចំណោមការស្ទុះឡើងនៃវិស័យអប់រំ ដែលពេលនេះកំណត់សម្គាល់ត្រឹមការប្រឡងថ្នាក់ទី១២ ទូទាំងប្រទេស ឯកឧត្តម ស សុខា បានកត់សម្គាល់ថា សម្រាប់ខេត្តព្រៃវែង គិតចាប់ពីក្រោយការអនុវត្តកំណែទម្រង់ក្រោមពាក្យស្លោក«អ្នកចេះគឺជាប់» កាលពីឆ្នាំ២០១៣ គឺពុំមានសិស្សជាប់និទ្ទេស A ទេ ប៉ុន្តែចាប់ពីឆ្នាំ២០១៥ មក អត្រាសិស្សជាប់បាក់ឌុប និងជាប់និទ្ទេសខ្ពស់បំផុតនេះ បានហក់ឡើង និងមានជាបន្តបន្ទាប់ ពោលគឺពីចាប់ជាង ៧០% នៅឆ្នាំ២០១៥ រហូតដល់ជាង ៨០% នៅឆ្នាំ២០២៤នេះ។
នៅឆ្នាំ២០២៤នេះ ខេត្តព្រៃវែង មានសិស្សជាប់និទ្ទេស A ចំនួន ១១៧នាក់។ ក្នុងនាមឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ស សុខា បានថ្លែងអំណរគុណក្រុមការងាររាជរដ្ឋាភិបាល រដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំក្រុង ស្រុក ខណ្ឌ ជាពិសេសលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត ដែលចូលរួមសហការជាមួយ ស.ស.យ.ក. ខេត្តព្រៃវែង បើកវគ្គបំប៉នសិស្សថ្នាក់ទី១២ ចាប់ពីឆ្នាំ២០១៥ មក។
សូមបញ្ជាក់ថា សម្រាប់ការបើកវគ្គបំប៉នសិស្សថ្នាក់ទី១២ ក្នុងខេត្តព្រៃវែង ចាប់ពីឆ្នាំ២០១៥ មកនោះ សហភាពសហព័ន្ធយុជនកម្ពុជា ខេត្តព្រៃវែង ដោយមានការចូលរួមគាំទ្រពីភាគីពាក់ព័ន្ធ បានចំណាយថវិកាប្រមាណ ៦០ ទៅ ៦៥លានរៀល ក្នុងមួយឆ្នាំៗ សម្រាប់ការឧត្ថម្ភដល់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង។ នេះបើតាមរបាយការណ៍ថ្លែងដោយលោក ប៉ាវ សុធីរ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង៕EB