កម្ពុជា-ម៉ាឡេស៊ី ឯកភាពគ្នាបន្ដពង្រឹងកិច្ចសហការល្អ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនប្រទេសទាំងពីរ
ភ្នំពេញ៖ លោកសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទីនៃកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Shaharuddin bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា។ ជំនួបនេះត្រូវបានធ្វើឡើងនៅសាលសវនាការលោកសន្តិបណ្ឌិត នាអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ដ្រី។
ជាកិច្ចចាប់ផ្ដើម លោកសន្ដិបណ្ឌិត នេត សាវឿន បានស្វាគមន៍ដោយរំលឹកអំពីប្រវត្តិ នៃទំនាក់ទំនងការទូតទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៉ី ដែលមានអាយុកាលជាង៧០ឆ្នាំមកនេះ។ លោកសន្ដិបណ្ឌិត បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការបំពេញបេសកកម្មការទូតនៅកម្ពុជា របស់លោក Shaharuddin bin Onn ក្នុងរយៈពេលមួយឆ្នាំមកនេះ ដែលបន្ដរក្សាបានយ៉ាងល្អ នូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសលលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម។
លោកសន្ដិបណ្ឌិត នេត សាវឿន ក៏បានលើកឡើងអំពីស្នាដៃមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា លើការងារធានាសន្ដិសុខ សណ្ដាប់ធ្នាប់ ពិសេសលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានដាក់ចេញនូវយន្ដការច្រើនសំដៅទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ហើយទទួលបានលទ្ធផលល្អជាបន្ដបន្ទាប់។ ប៉ុន្ដែអ្វីដែលជាចំណុចប្រឈមរបស់កម្ពុជាលើការងារនេះ គឺការលួចនាំចូលឆ្លងកាត់ប្រទេសកម្ពុជាចេញទៅប្រទេសទី៣ ដោយសារតែកម្ពុជា មានភូមិសាស្ដ្រនៅជិតតំបន់ត្រីកោណមាស ហើយរាជរដ្ឋាភិបាលកម្ពុជា បន្ដខិតខំប្រឹងប្រែងលើការងារនេះបន្ថែមទៀត និងស្នើសុំភាគីម៉ាឡេស៊ីបន្តកិច្ចសហប្រតិបត្តិការលើការងារនេះផងដែរ។
បន្ថែមពីលើនេះ លោកសន្តិបណ្ឌិត នេត សាវឿន ក៏បានវាយតម្លៃខ្ពស់ចំពោះបទពិសោធលើវិស័យឌីជីថលរបស់ម៉ាឡេស៊ី និងសំណូមពរឲ្យមានការផ្ដាស់ប្ដូរមន្ត្រីដើម្បីដកបទពិសោធបន្ថែម។
លោកឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការជួយយកចិត្តទុកដាក់គាំពារពលរដ្ឋម៉ាឡេស៊ី ធុរកិច្ចជន និងភ្ញៀវទេសចរ ដែលមកប្រទេសកម្ពុជា។ លោកក៏ស្ញប់ស្ញែងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កបរិយាកាសអំណោយផលលើវិស័យធុរកិច្ច ដោយបានផ្ដល់ឱកាស និងអត្ថប្រយោជន៍ជាច្រើនដល់ធុរជន ដែលកំពុងស្វែងរកឱកាសវិនិយោគ និងបន្ដការវិនិយោគនៅកម្ពុជា៕