ទីស្ដីការក្រសួងមហាផ្ទៃ ៖ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន SOMTC-កម្ពុជា បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ ផ្ទាល់បានចូលរួមចំណែកយ៉ាងសកម្ម និងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការតំបន់លើវិស័យសន្តិសុខ ក្នុងគោលដៅរួមគ្នាកសាងសមាគមអាស៊ានប្រកបដោយភាពសុខដុម និងការអភិវឌ្ឍ។

ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ នាឱកាសអញ្ជើញជាអធិបតីបិទសិក្ខាសាលាបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅ ការងារ ឆ្នាំ២០២៥ របស់ក្រុមការងារ SOMTC-កម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៥។

នាយឧត្តមសេនីយ៍ បានរំលឹកថា កម្ពុជា គឺជាប្រទេសសមាជិកទី១០ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ដែលគិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ មានរយៈពេល ២៦ឆ្នាំមកហើយ ដែលកម្ពុជាក្នុងនាមជាសមាជិកមួយតែងបានខិតខំប្រឹងប្រែង និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមពង្រឹងសន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការរវាងបណ្តារដ្ឋសមាជិកអាស៊ាន។

នាយឧត្តមសេនីយ៍ ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ SOMTC-កម្ពុជា ដែលបានចូលរួមសហការរហូតសម្រេចបានសមិទ្ធផលធំៗ ជាពិសេស ការអនុម័តលើ “សេចក្តីប្រកាសអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងការរត់ពន្ធអាវុធ” ក្នុងនាមកម្ពុជា ជាប្រទេសដឹកនាំក្នុងវិស័យនៃការប្រយុទ្ធប្រឆាំងការរត់ពន្ធអាវុធ និងជោគជ័យក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធ (SOMTC WG on AS) ប្រចាំឆ្នាំជាបន្តបន្ទាប់ បានចំនួន ៧លើកផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ