មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យកម្លាំងនគរបាលខេត្តកំពត ពង្រឹងសាមគ្គីភាព រួមគ្នាការពារសុខសន្តិភាព បូរណភាពទឹកដី និងការពារសុខសុវត្តិភាពជូនប្រជាពលរដ្ឋ
កំពត ៖ លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានជំរុញ និងលើកទឹកចិត្តកងកម្លាំងនគរបាលខេត្តកំពត ឱ្យបន្តរក្សាសាមគ្គីភាព និងត្រៀមខ្លួនជានិច្ចក្នុងកិច្ចការពារសុខសន្តិភាព បូរណភាពទឹកដី ពិសេសការពារសុខសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបានល្អប្រសើរ។
ទន្ទឹមនឹងនោះ កងកម្លាំងទាំងអស់ ក៏ត្រូវតាមដានសភាពការណ៍នៅតំបន់ព្រំដែន ហើយត្រូវរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយជៀសវាងមានការយល់ច្រឡំពីប្រជាពលរដ្ឋពីសភាពការណ៍នៅតំបន់ព្រំដែន។
ការជំរុញ និងលើកទឹកចិត្តរបស់ លោក ម៉ៅ ច័ន្ទតារា នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្យាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីត្រួតពិនិត្យកម្លាំងយុទ្ធោបករណ៍ និងមធ្យោបាយ សម្ភារ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលខេត្តកំពត។
មានមតិសំណេះសំណាល និងដឹកនាំកិច្ចប្រជុំ នាឱកាសនោះ លោក ម៉ៅ ច័ន្ទតារា បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្ត ក៏ដូចជាជូនប្រជាពលរដ្ឋនាពេលកន្លងមកទទួលបានលទ្ធផលល្អ។
ជាមួយគ្នានេះដែរ លោក ក៏បានជំរុញឱ្យ ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទាំងអស់ត្រូវរក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុងល្អ និងបន្តរួមគ្នាអនុវត្តការងារតាមជំនាញរៀងៗខ្លួនឱ្យកាន់តែប្រសើរ ពិសេសការផ្តល់សេវាសាធារណៈនិងសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋក្នុងមូលដ្ឋាន ហើយបន្តរួមគ្នាការពារសុខសន្តិភាព បូរណភាពទឹកដី។
ទន្ទឹមនឹងនោះដែរ លោក ម៉ៅ ច័ន្ទតារា ក៏បានលើកឡើងដែរថា ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី សម្តេចតែងតែគិតគូរជានិច្ចនូវរាល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសគឺមិនចង់ឱ្យប្រទេសកើតមានសង្គ្រាមម្តងទៀតនោះទេ៕