ក្នុងមហាសន្និបាត UN ! ប្រមុខការទូតកម្ពុជា ៖ កងទ័ពកម្ពុជាមិនបានបាញ់ និងបានរក្សាភាពអត់ធ្មត់ បន្ទាប់ពីភាគីថៃ វាយប្រហារមួយកន្លែងដោយមិនញញើត នៅជិតទីតាំងដ៏រសើប
ភ្នំពេញ ៖ លោកនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងថា កងទ័ពកម្ពុជាមិនបានបាញ់ និងបានរក្សាភាពអត់ធ្មត់មិនឆ្លើយតបវិញទេ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មោះមុតចំពោះសន្តិភាព បន្ទាប់ពីភាគីថៃ វាយប្រហារមួយកន្លែងដោយមិនញញើត នៅជិតទីតាំងដ៏រសើប កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងឱកាសសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UN) ក្រោមមូលបទ «រួមគា្នដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស» នៅសហរដ្ឋអាមេរិក លោកនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា កម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដោយបង្ហាញសុឆន្ទៈ និងតម្លាភាពពេញលេញក្នុង ការអនុវត្តលក្ខខណ្ឌនៃបទឈប់បាញ់ និងរក្សាភាពអត់ធ្មត់ជាទីបំផុតចំពោះមុខការបង្ករឿង និងការរំលោភ បំពានម្តងហើយម្តងទៀត។
លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ជាក់ស្តែង នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ មានការវាយប្រហារមួយ កន្លែងដោយមិនញញើត នៅជិតទីតាំងដ៏រសើបមួយ ដោយចោទប្រកាន់ថា កងកម្លាំងរបស់កម្ពុជាបានបើក ការបាញ់ប្រហារមុន។ កងទ័ពកម្ពុជាមិនបានបាញ់ និងបានរក្សាភាពអត់ធ្មត់មិនឆ្លើយតបវិញទេ ដើម្បីបញ្ជាក់ ពីការប្តេជ្ញាចិត្តដ៏មោះមុតចំពោះសន្តិភាព»។
ក្នុងស្មារតីដូចកាលពីបានបញ្ចប់សង្គ្រាមជិតបីទស្សវត្សរ៍កន្លងមក កម្ពុជា បានអំពាវនាវឱ្យមានកិច្ច សន្ទនា ការដោះស្រាយជម្លោះដោយសន្តិវិធី ដោយគោរពយ៉ាងម៉ឺងម៉ាត់ និងស្មោះត្រង់ចំពោះលក្ខខណ្ឌដែល បានព្រមព្រៀងនៃបទឈប់បាញ់ ការគោរពពេញលេញចំពោះកិច្ចព្រមព្រៀងទ្វេភាគី ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
កម្ពុជាស្នើសុំដោយស្មោះត្រង់នូវការបន្តគាំទ្រ និងការសម្របសម្រួលរបស់ប្រធានអាស៊ាន និង ប្រទេសសមាជិកអាស៊ាន, អគ្គលេខាធិការ និងស្ថាប័នពាក់ព័ន្ធនៃអង្គការសហប្រជាជាតិ ព្រមទាំង ថ្នាក់ដឹកនាំជុំវិញពិភពលោក ដើម្បីជួយបន្ធូរបន្ថយភាពតានតឹង លើកទឹកចិត្តដល់ការដោះស្រាយជម្លោះ ដោយសន្តិវិធី និងទប់ស្កាត់ការកើតឡើងនូវសោកនាដកម្មបន្ថែមទៀត។
កម្ពុជាជាប្រទេសតូច ផ្តោតលើការកសាងសេដ្ឋកិច្ចរបស់យើងឡើងវិញ និងលើកកម្ពស់សុខុមាលភាព របស់ប្រជាជន។ យើងមិនបង្កការគំរាមកំហែងដល់អធិបតេយ្យរបស់ប្រទេសណាមួយឡើយ។ ខណៈពេល ដែលយើងតែងតែការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់យើង ការប្រើប្រាស់កម្លាំងគឺជា ជម្រើសចុងក្រោយបំផុត៕