ក្រសួងព័ត៌មាន បញ្ជាក់ថា ពុំមានការចាប់ខ្លួនអ្នកសារព័ត៌មាន ឬពលរដ្ឋខ្មែរ ដែលផ្សាយព័ត៌មានពីភូមិព្រៃចាន់ និងភូមិជោគជ័យ នោះទេ
ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានបញ្ជាក់ថា ពុំមានការចាប់ខ្លួនអ្នកសារព័ត៌មាន ឬប្រជាពលរដ្ឋខ្មែរ ដែលផ្សាយព័ត៌មានពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដូចពាក្យចចាមអារ៉ាមដែលបានលើកឡើងនោះទេ។
កាលពីពេលថ្មីៗនេះ ក្រសួងព័ត៌មានបានសង្កេតឃើញមានការចែករំលែកព័ត៌មានអំពីការចាប់ខ្លួន អ្នកសារព័ត៌មាន ដែលផ្សាយពាក់ព័ន្ធនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ។
យោងតាមសេចក្ដីបដិសេធព័ត៌មាន របស់ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ បានជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា វាជាព័ត៌មានមិនពិតនោះទេ ហើយជាការផ្សាយក្នុងចេតនាបង្កចលាចល និងបង្កើតការភាន់ច្រឡំក្នុងចំណោមសាធារណជនអំពីស្ថានភាពពិតប្រាកដ នៅក្នុងភូមិទាំងពីរនេះ។
ក្រសួងព័ត៌មាន បានបញ្ជាក់ជូនថា «ពុំមានការចាប់ខ្លួនអ្នកសារព័ត៌មាន ឬប្រជាពលរដ្ឋខ្មែរ ដែលផ្សាយព័ត៌មានពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដូចពាក្យចចាមអារ៉ាមដែលបានលើកឡើងនោះទេ»។
ក្រសួងព័ត៌មាន សូមប្រជាពលរដ្ឋទាំងអស់តាមដានស្ថានភាពជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈប្រភពព័ត៌មានផ្លូវការ និងសូមចូលរួមបញ្ចប់ការបង្កើត និងបញ្ចប់ការចែកចាយព័ត៌មានក្លែងក្លាយ៕