សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវពីព្រែកក្តាម ដល់បាត់ដំបង និងបើកការដ្ឋានសង់ពីសិរីសោភ័ណ ទៅប៉ោយប៉ែត
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥គីឡូម៉ែត្រ និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌ ទៅដល់ប៉ោយប៉ែត ប្រវែងសរុប ៣៥,១៤គីឡូម៉ែត្រ។
សូមបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ដើមឡើយមានប្រវែងសរុប ៣៣០,៨៩គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីស្ពានព្រែកក្តាម ខេត្តកណ្តាល រហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បែងចែកជា ៣កំណាត់ រួមមាន៖ កំណាត់ផ្លូវភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម), កំណាត់ផ្លូវភាគកណ្ដាល(ធ្លាម្អម-បាត់ដំបង) និងកំណាត់ផ្លូវភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) ប្រើប្រាស់រយៈពេល សាងសង់សរុបចំនួន ៧ឆ្នាំ និងចំណាយថវិកាសរុបប្រមាណ ៦៩១លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលប្រទេសជប៉ុន។
ទន្ទឹមនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវទាំងពីរខាងលើហើយនោះ រាជរដ្ឋាភិបាលក៏ចាប់ផ្តើមបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ពីសិរីសោភ័ណ ទៅប៉ោយប៉ែត ប្រវែង ៣៥,១៤គីឡូម៉ែត្រផងដែរ។ ការសាងសង់នេះ ជាការស្នើសុំបន្ថែម ដើម្បីតភ្ជាប់ផ្លូវជាតិលេខ៥ ឱ្យទៅដល់ក្រុងប៉ោយប៉ែត និងព្រំដែនកម្ពុជា-ថៃ (ប៉ោយប៉ែត-អារញ្ញប្រាថេត)៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ