ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើការណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតែរួមដៃសហការគ្នាឲ្យបានស្អិតរមួត សំដៅការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅក្នុងអំឡុងពេលដែលកម្ពុជា រៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុង កិច្ចផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ គឺជាបុណ្យជាតិដ៏សំខាន់ស្វាគមន៍រាជរដ្ឋាភិបាលនីតិកាលថ្មី ដូច្នេះប្រជាពលរដ្ឋច្បាស់ជាមកលេងកម្សាន្ដយ៉ាងច្រើនកុះករនៅរាជធានីភ្នំពេញ។

លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានមានប្រសាសន៍ថា បន្ទាប់ពីខកខានរៀបចំអស់ប៉ុន្មានឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា ដែលទើបបង្កើតបានរយៈពេល៩០ថ្ងៃនេះ បានអនុញ្ញាតឲ្យរៀបចំព្រះរាជពិធីបុណ្យអុំទូកឡើងវិញ ដើម្បីបង្កបរិយាកាសឲ្យប្រជាពលរដ្ឋបានដើរលេងកម្សាន្ដដោយក្ដីសប្បាយរីករាយ។

ជាមួយនឹងការកម្សាន្ដសប្បាយរបស់ប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យជាតិដ៏សំខាន់នេះ លោក ឧបនាយករដ្ឋមន្ដ្រី ដែលជាអតីតអគ្គស្នងការនគរបាលជាតិដ៏ម៉ឺងម៉ាត់នោះ បានចាត់ទុកថា កាតព្វកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ និងអន្ដរជាតិ ដែលមកពីគ្រប់ទិសទីទាំងអស់ជារឿងដែលសំខាន់ និងយកចិត្តទុកដាក់ខ្លាំងបំផុតមិនអាចធ្វេសប្រហែសបានឡើយ។

តាមរយៈបទពិសោធន៍ធ្លាប់ជាអគ្គស្នងការនគរបាលជាតិ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានចែករំលែកនូវអ្វីដែលជាបញ្ហាប្រឈម និងតម្រូវការចាំបាច់មួយចំនួន ដល់ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ ដើម្បីជាមូលដ្ឋានគ្រឹះបន្ថែមក្នុងការពង្រឹងសមត្ថភាពដល់កងកម្លាំងសមត្ថកិច្ច ដែលមានកាតព្វកិច្ចក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ព្រមទាំងក្រុមគ្រូពេទ្យផងដែរ។

បញ្ហាចរាចរណ៍សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ, បញ្ហាក្មេងទំនើង, បញ្ហាចោរកម្ម និងការងារសន្ដិសុខ ជាការងារដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ជាមួយនឹងភាពម្ចាស់ការរបស់ប្រធានអង្គភាពនីមួយៗ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ