ក្រសួងព័ត៌មាន ទុកពេល៣ខែ ឲ្យម្ចាស់អាជីវកម្មលើប្រព័ន្ធផ្សព្វផ្សាយខុសច្បាប់ ដើម្បីដាក់ពាក្យសុំច្បាប់, ការផ្តល់បណ្ណសម្គាល់អ្នកសារព័ត៌មាន
ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានជូនដំណឹងដល់ម្ចាស់អាជីវកម្មលើប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ ដែលមិនទាន់មានច្បាប់ ត្រូវមកដាក់ពាក្យសុំច្បាប់នៅក្រសួងក្នុងរយៈពេល៣ខែ ពោលចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។
ជាមួយគ្នានេះ ក្រសួងព័ត៌មានបានជូនដំណឹងទៀតថា រាល់ការផ្តល់បណ្ណសម្គាល់អ្នកសារព័ត៌មាន ត្រូវចេញដោយក្រសួងព័ត៌មាន និងមិនអនុញ្ញាតឲ្យប្រើប្រាស់បណ្ណ ដែលចេញដោយអង្គភាពសារព័ត៌មានទៀតឡើយ។ នេះបើតាមលិខិតរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា ផ្ញើទៅម្ចាស់អាជីវកម្មវិស័យព័ត៌មាន និងសោតទស្សន៍ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា «រាល់ការផ្តល់បណ្ណសម្គាល់អ្នកសារព័ត៌មាន ត្រូវចេញដោយក្រសួងព័ត៌មាន និងមិនអនុញ្ញាតឲ្យប្រើប្រាស់បណ្ណ ដែលចេញដោយអង្គភាពសារព័ត៌មានទៀតឡើយ។ ក្រសួងតម្រូវឲ្យអ្នកសារព័ត៌មានទាំងអស់ ត្រូវស្នើសុំប្តូរបណ្ណសម្គាល់ថ្មី»។
បើតាមលិខិតរបស់រដ្ឋមន្រ្តី, សម្រាប់នីតិវិធី ក្នុងការផ្តល់បណ្ណសម្គាល់អ្នកសារព័ត៌មាន ក្រសួងនឹងរៀបចំចេញបណ្ណតាមប្រព័ន្ធអនឡាញដោយភ្ជាប់មកជាមួយ QR Code បង្ហាញទិន្នន័យអត្តសញ្ញាណបុគ្គលជាអ្នកសារព័ត៌មាន ដែលអាចស្កេនបានតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ www.verify.gov.kh ដើម្បីចៀសវាងការក្លែងបន្លំបណ្ណសម្គាល់អ្នកសារព័ត៌មាន និងអាចគ្រប់គ្រងទិន្ន័យអ្នកសារព័ត៌មានបានច្បាស់លាស់៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ