ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើឱ្យអ្នកសារព័ត៌មានកម្ពុជា-ចិន ត្រូវរួមគ្នាការពារសណ្តាប់ធ្នាប់ សុចរិត យុត្តិធម៌ នៃព័ត៌មានអន្តរជាតិ ដោយត្រូវប្រយុទ្ធ ប្រឆាំងព័ត៌មានក្លែងក្លាយ និងការជ្រៀតជ្រែកព័ត៌មាន ដើម្បីជំរុញការកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ។

លោក នេត្រ ភក្ត្រា ក៏បានសើ្នឱ្យអ្នកសារព័ត៌មាន ត្រូវបន្តការលើកកម្ពស់ការអនុវត្តជាយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន ដោយត្រូវឈរលើមូលដ្ឋាននៃការសម្រេចរួមគ្នារបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ សម្រាប់ជាមូលដ្ឋានលើការអនុវត្តការងារ។

ថ្លែងក្នុងវេទិកាជាន់ខ្ពស់នៃប្រព័ន្ធផ្សាញផ្សាយកម្ពុជា-ចិន និងវេទិកាផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន លើកទី៣ នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ លោករដ្ឋមន្ត្រី បានបន្តថា៖

-អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដែលជាស្ថាប័នដឹកនាំផ្សព្វផ្សាយអន្តរជាតិ គួរតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពព័ត៌មានស្របច្បាប់នៅកម្ពុជា លើវិស័យផ្សេងៗ ទៀត ដូចជា នវានុវត្តន៍បច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស កិច្ចសហការផលិត និងចាក់ផ្សាយ និងការផ្លាស់ប្តូរវប្បធម៌ជាដើម។

-ត្រូវបង្កើនការយកចិត្តទុកដាក់ស្វែងយល់ពីប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងពីរ ដោយត្រូវឈរលើគុណតម្លៃវប្បធម៌ ប្រពៃណីទៅវិញទៅមក។

-បន្តជំរុញការផ្លាស់ប្តូរ និងការរួមបញ្ចូល គ្នានៃវប្បធម៌ប្រទេសទាំងពីរ ព្រមទាំងលើកកម្ពស់ការផ្សព្វផ្សាយពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រជាជនប្រទេសទាំងពីរ លើវិស័យផ្សេងៗ រួមមានវប្បធម៌ អប់រំ ទេសចរណ៍ និងកីឡាជាដើម និង ពង្រឹងកិច្ចសហប្រតិបត្តិការក្រោមគោលការណ៍រួមនៃយុត្តិធម៌ ការជឿទុកចិត្ត សមភាព វឌ្ឍនភាព និងផលប្រយោជន៍ ដោយអនុវត្តកិច្ចសហប្រតិបត្តិការទូលំទូលាយជាមួយប្រព័ន្ធ ផ្សព្វផ្សាយផ្សេងៗនៅលើឆាកអន្តរជាតិ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ