នាយឧត្តមសេនីយ៍ ស ថេត ៖ មន្ត្រីមានសីលធម៌ និងសេចក្តីថ្លៃថ្នូរ ទៅកន្លែងណា ក៏មិនខ្វះសាច់ញ្ញាតិដែរ
ភ្នំពេញ ៖ ថ្លែងចំពោះមុខមន្ដ្រីនគរបាល, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកឡើងថា មន្ត្រីដែលមានសីលធម៌ និងសេចក្តីថ្លៃថ្នូរ ទៅទីណា កន្លែងណា ក៏មិនខ្វះសាច់ញ្ញាតិ និងមិនខ្វះគេគោរពរាប់អានដែរ។
ក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូននាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំថា ចំពោះមន្ត្រីដែលត្រូវបានតែងតាំង និងបំពាក់ឋានន្តរស័ក្តិនាពេលនេះ ត្រូវប្តេជ្ញាចិត្តបំពេញភារកិច្ចឱ្យបានស្មោះត្រង់ និងហ្មត់ចត់បំផុតចំពោះតួនាទីដែលបានបែងចែកប្រគល់ជូន។
នាយឧត្តមសេនីយ៍ ស ថេត បានបន្ថែមថា ទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទើបការអនុវត្តការងារប្រចាំថ្ងៃទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាព ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ត្រូវមានការបន្ទន់ឥរិយាបថគ្រប់កាលៈទេសៈជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទប្រកបដោយភាពថ្លៃថ្នូរល្អ។ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិទាំងអស់ ត្រូវមានភាពស្មោះត្រង់នឹងវិជ្ជាជីវៈ សីលធម៌ និងសេចក្តីថ្លៃថ្នូរជាប់ជាប្រចាំ និងត្រូវចូលរួមការពារសន្តិសុខជូនជាតិ និងប្រជាពរដ្ឋឱ្យបានល្អ ត្រូវធ្វើខ្លួនជាខ្នងបង្អែកសម្រាប់ប្រជាពលរដ្ឋប្រកបដោយភាពកក់ក្តៅ។
នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា «មន្ត្រីដែលមានសីលធម៌ និងសេចក្តីថ្លៃថ្នូរ ទៅទីណាកន្លែងណា ក៏មិនខ្វះញ្ញាតិ និងមិនខ្វះគេគោរពរាប់អានដែរ។ ក្រសួងមហាផ្ទៃ ក៏មានតួនាទីភារកិច្ចសំខាន់ក្នុងការងារ បង្ក្រាប និងទប់ស្កាត់បញ្ហាគ្រឿងញៀន ដូច្នេះមន្ត្រីនគរបាលជាតិទាំងអស់ ដែលជាអ្នកអនុវត្តច្បាប់ ត្រូវតែយកចិត្តទុកដាក់ដោះស្រាយជាមួយបញ្ហាគ្រឿងញៀននេះឱ្យបានជាដាច់ខាត ដើម្បីធ្វើយ៉ាងណាពង្រឹងនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែមានភាពល្អប្រសើរ ជាពិសេសការពារឱ្យបានដាច់ខាតចំពោះសន្តិភាពដែលប្រទេសកម្ពុជាកំពុងមាន ដើម្បីបង្ហាញឱ្យឃើញពីសន្តិសុខ និងសន្តិភាពនៅក្នុងកម្ពុជាទៅដល់វិនិយោគិនបរទេសនានា ដើម្បីកៀងគរវិនិយោគិនទាំងអស់នោះ មកបណ្តាក់ទុននៅប្រទេសកម្ពុជា»។
ក្រៅពីនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានណែនាំឱ្យមន្ត្រីនគរបាលជាតិគ្រប់ជាន់ថ្នាក់ ត្រូវទទួលលខុសត្រូវឱ្យបានខ្ពស់លើការងារប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទ ជាពិសសេ បទល្មើសបច្ចេកវិទ្យា ជាបទល្មើសមានភាពស្មុគស្មាញ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ