យុទ្ធនាការ «១ម៉ឺនរៀល១ម៉ឺននាក់» ឆ្នាំ២០២៤ ដែលផ្តួចផ្តើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលបានការបរិច្ចាគជាង ៣.៣លានដុល្លារ ពីសប្បុរជនជាង ២៤ម៉ឺននាក់
ភ្នំពេញ ៖ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានផ្តួចផ្តើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានបញ្ចប់នៅថ្ងៃទី១ ខែកក្កដានេះ ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទកៈ ទាំងទិដ្ឋភាពថវិកា និងចំនួនសប្បុរសជន ពោលគឺមានការចូលរួមគាំទ្រពីសប្បុរសជនជាង២៤ម៉ឺននាក់ ជាមួយនឹងថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាមេរិកចំនួនជាង ៣.៣ លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជា។
យោងតាមមូលនិធិគន្ធបុប្ផាកម្ពុជា បើធៀបនឹងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ពីរលើកកន្លងមកនេះ ឃើញថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ នេះ ទទួលបានការចូលរួមកាន់តែផុសផុលពីសប្បុរសជនក្នុងបណ្តាក្រសួង-ស្ថាប័ន, រាជធានី-ខេត្ត, ក្រុមហ៊ុន-សហគ្រាសទាំងតូចទាំងធំ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានា ដែលនេះឆ្លុះបញ្ចាំងពីចលនាជាតិដ៏សំខាន់មួយក្នុង «ស្មារតីខ្មែរជួយខ្មែរ» ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹម ដល់ទារក និងកុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
សូមជម្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានស្ថាបនិក និង សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយស បានរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» នេះឡើង ក្នុងគោលបំណងពីរសំខាន់ៗគឺ៖ ១). ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និង ២). ដើម្បីរំលឹក និងបំផុសចលនាកៀរគរការបរិច្ចាគក្នុងស្មារតី “ខ្មែរជួយខ្មែរ” ទោះតិចក្ដី ឬច្រើនក្ដី ពីសំណាក់សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការផ្ដល់ក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ