កោះកុង ៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាទ ខេត្តកោះកុង។


គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ គឺជាគម្រោងវារីអគ្គិសនី ដែលវិនិយោគដោយក្រុមហ៊ុន China National Heavy Machinery Corporation (CHMC)។ គម្រោងវារីអគ្គិសនីនេះ ប្រើប្រភពទឹករបស់ស្ទឹង២ គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី។ ប្រភពទឹក ដែលតភ្ជាប់គ្នានេះ គ្រោងទម្លាក់យកមកផលិតថាមពលអគ្គិសនី នៅអគារថាមពល ដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់ ស្ថិតនៅចម្ងាយ ១៣គីឡូម៉ែត្រ ក្រោមទំនប់ទឹកស្ទឹងកែប តាមបំពង់ទួណែល បង្ហូរទឹកក្រោមដី។


គម្រោងនេះ នឹងត្រូវធ្វើឡើងក្រោមរូបភាពជាគម្រោង វិនិយោគសាងសង់ -ដំណើរការ -ផ្ទេរ (Build-Operation-Transfer) ក្នុងទំហំវិនិយោគ សរុបជិត៤០០លានដុល្លារអាម៉េរិក។


គម្រោងនេះ ផ្ដល់សម្បទានរយៈពេល ៣៩ឆ្នាំ ក្នុងនោះរយៈពេល ៤ឆ្នាំ សម្រាប់ការសាងសង់ និង ៣៥ឆ្នាំ សម្រាប់ការធ្វើអាជីវកម្ម។ បរិមាណមូលដ្ឋាន នៃថាមពលអគ្គិសនីផលិតប្រចាំឆ្នាំលក់ឱ្យអគ្គិសនីកម្ពុជា គឺជាមធ្យមប្រមាណ ៥២៧លាន គីឡូវ៉ាត់ម៉ោង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ