ព្រះមហាក្សត្រ យាងមកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបំពេញទស្សនកិច្ចរយៈពេលមួយសប្តាហ៍ នៅបារាំង
ភ្នំពេញ៖ នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងមកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបំពេញព្រះរាជទស្សនកិច្ចរយៈពេលមួយសប្តាហ៍នៅប្រទេសបារាំង។
តបតាមការយាងរបស់លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង, ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានសព្វព្រះរាជហឫទ័យស្តេចយាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ។
ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងទៅកាន់ប្រទេសបារាំងនាពេលនេះ មានព្រះរាជបេសកកម្មពិសេសចំនួនពីរ រួមមាន៖ ទី១) ការយាងបំពេញព្រះរាជទស្សនកិច្ចនៅបារាំង ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង, ទី២) យាងចូលរួមក្នុងសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការអភិរក្សរមណីយ ដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ។
ព្រះមហាក្សត្រ ជាទីគោរពសក្ការៈ និងគណៈប្រតិភូជាន់ខ្ពស់បានយាង និងអញ្ជើញដល់អាកាសយាន្តដ្ឋានអន្តរជាតិប៉ារីសអ័រលី ប្រទេសបារាំងនៅវេលាម៉ោង ២អាធាត្រថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ (ម៉ោងនៅកម្ពុជា) បន្ទាប់ពីចំណាយពេលយាងតាមព្រះទីនាំងយន្តហោះពិសេសអស់រយៈពេលប្រមាណ ១២ម៉ោង។ ព្រះរាជដំណើរយាងដល់អាកាសយានដ្ឋានអន្តរជាតិអ័រលី ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទទួលបានស្វាគមន៍ព្រះរាជដំណើរយ៉ាងខ្ពង់ខ្ពស់បំផុតពីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មបារាំង និងឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា អមដោយកងកិត្តិយសរបស់បារាំងផងដែរ។
បន្ទាប់ពីយាងដល់ទីក្រុងប៉ារីស ប្រទេសបារាំង នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះមហាក្សត្រខ្មែរ ស្តេចយាងជួបសវនាការជាមួយលោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានអេលីហ្សេ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ