រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណងជិត ៣៥ម៉ឺនដុល្លារ សម្រាប់ការសាងសង់អគារសិក្សា និងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅជនបទកម្ពុជា
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានផ្តល់ថវិកាចំនួន ៣៤៨,៩១៩ដុល្លារ ដល់ស្ថាប័នទទួលជំនួយចំនួន៣ ក្រោមគ្រោងការណ៍ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) សម្រាប់ការសាងសង់អគារសិក្សានៅសាលាបឋមសិក្សា និងការដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅជនបទកម្ពុជា ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ និងខេត្តមណ្ឌលគិរី។
ពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងនេះ បានធ្វើឡើងនៅស្ថានទូតជប៉ុន ក្រោមអធិបតីភាពលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា និងតំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ និងរដ្ឋាករទឹកមណ្ឌលគិរី នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
គម្រោងដែលផ្ដល់ជំនួយដោយរដ្ឋាភិបាលជប៉ុននាពេលនេះ ដើម្បីអនុវត្តគម្រោងដូចតទៅ៖
ទី១៖ គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាស្រែកិន ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ (ថវិកាចំនួន៩២,៤២៥ដុល្លារអាមេរិក) សា្ថប័នទទួលជំនួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ។ ក្នុងគម្រោងនេះ អគារសិក្សា១ខ្នង ៥បន្ទប់បំពាក់ដោយគ្រឿងសង្ហារឹម បង្គន់អនាម័យ ១ខ្នង ៣បន្ទប់ និងកន្លែងលាងដៃចំនួន១ នឹងត្រូវបានសាងសង់នៅសាលាបឋមសិក្សាស្រែកិន ក្នុងខេត្តកំពង់ស្ពឺ។
ទី២៖ គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាឬស្សី ដូចក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ (ថវិកាចំនួន ១០០,៣៤៤ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ។ក្នុងគម្រោងនេះ អគារសិក្សា ១ខ្នង ៦បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹម និងកន្លែងលាងដៃចំនួន១ នឹងត្រូវបានសាងសង់នៅសាលាបឋមសិក្សាឬស្សីដួច ក្នុងខេត្តកំពង់ធំ។
ទី៣៖ គម្រោងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (ថវិកាចំនួន ១៥៦,១៥០ដុល្លារអាមេរិក) សា្ថប័នទទួលជំនួយរដ្ឋាករទឹកមណ្ឌលគិរី។ក្នុងគម្រោងនេះ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនឹងត្រូវបានសាងសង់ ហើយបណ្តាញចែកចាយទឹកស្អាតប្រមាណ ២៦គីឡូម៉ែត្រនឹងត្រូវបានដំឡើងនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ