ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២១ វិច្ឆិកា លោកស្រី សិន យេយេ អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន បានជឿជាក់ថា នាពេលអនាគត កម្ពុជានឹងទទួលបានសមិទ្ធផលធំៗជាច្រើនទៀត បន្ទាប់ពីបង្កើតរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត។  

ក្នុងឱកាសនោះ លោកស្រី សិន យេយេ បានអបអរសាទរចំពោះប្រទេសកម្ពុជា ដែលទទូលបានជោគជ័យក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ និងបានបង្កើតរដ្ឋសភានីតិកាលថ្មី និងរាជរដ្ឋាភិបាលថ្មីដោយរលូន។ លោកស្រី ជឿជាក់ថា «នាពេលអនាគតប្រទេសកម្ពុជា នឹងទទួលបានសមិទ្ធផលធំៗជាច្រើនទៀត ក្នុងការកសាង និងអភិវឌ្ឍប្រទេស ដែលនាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា»។

លោក ស៊ឹម កា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងឆាប់រហ័ស ព្រមទាំងបានជួយពង្រឹងភាពជាម្ចាស់ និងឯករាជ្យភាពរបស់កម្ពុជា។

លោក ស៊ឹម កា បានគូសបញ្ជាក់ថា កម្ពុជា និងចិន គឺជាអ្នកជិតខាងល្អ ជាមិត្តល្អ បងប្អូនល្អ និងជាដៃគូល្អ ហើយជាគំរូទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ។ កម្ពុជាបន្តគាំទ្រក្របខណ្ឌ និងយន្តការកិច្ចសហប្រតិបតិ្តការអន្តរជាតិ និងគំនិតផ្តួចផ្តើមនានារបស់ចិន ដែលដើរតួនាទីយ៉ាងសំខាន់ សម្រាប់បម្រើឱ្យការអភិវឌ្ឍរួម និងកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ។ កម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវ «គោលនយោបាយចិនតែមួយ»។

ជាមួយគ្នានេះ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនគ្នាលើបញ្ហាទ្វេភាគី និងកង្វល់រួមរបស់ប្រទេសទាំងពីរ។ ក្នុងនោះ ភាគីទាំងពីរ បានឯកភាពនិងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព ទំនាក់ទំនងនិងកិច្ចសហ-ប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ដែលបន្តរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ រហូតត្រូវបានលើកកម្ពស់ទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» និងត្រូវបានប្រសិទ្ធនាមជា «មិត្តដែកថែប»៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ