ភ្នំពេញ ៖ ក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទី បានគូសបញ្ជាក់អំពីកត្តាសុខសន្ដិភាព និងស្ថេរភាពនយោបាយ ដែលរាជរដ្ឋាភិបាលកម្ពុជាបន្ដធានាបានទាំងស្រុង ដើម្បីបង្កបរិយាកាសអំណោយផល ក្នុងការវិនិយោគនៅប្រទេសកម្ពុជា។

ក្រៅពីកត្តាសុខសន្ដិភាព ស្ថេរភាពនយោបាយហើយនោះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានបង្ហាញអំពីការអនុគ្រោះ ការកែទម្រង់ ការធ្វើទំនើបកម្ម និងការបង្កលក្ខណៈងាយស្រួល ដល់ការវិនិយោគ។ បន្ថែមពីនេះ កម្ពុជាមានសក្តានុពលលើគ្រប់វិស័យទាំងទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ថាមពល ព្រមទាំងពលកម្មវ័យក្មេងដែលរាជរដ្ឋាភិបាកកំពុងបណ្ដុះបណ្ដាលជំនាញ ដើម្បីត្រៀមលក្ខណៈឲ្យក្លាយជាកម្លាំងពលកម្មដ៏ល្អសម្រាប់វិនិយោគិនទាំងជាតិ និងអន្ដរជាតិ។

ជាការឆ្លើយតប លោក Wayne Farmer ប្រធានក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន បានលើកឡើងថា កម្ពុជាដៃគូពាណិជ្ជកម្ម និងវិនិយោគសំខាន់មួយនៅក្នុងតំបន់ ហើយទំនាក់ទំនងទ្វេភាគីវិស័យធុរកិច្ច ពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងកម្ពុជា និងកាណាដា បានទទួលលទ្ធផលជាផ្លែផ្កាជាច្រើន ជាក់ស្តែងទំហំពាណិជ្ជកម្មកម្ពុជា-កាណាដា ក្នុងឆ្នាំ២០២៤ មានទំហំ២.៤ពាន់លានដុល្លារ ដែលបានកើនឡើងពី២.១ពាន់ដុល្លារ ក្នុងឆ្នាំ២០២៣ ក្នុងនោះកម្ពុជា គឺជាទីផ្សារសំខាន់សម្រាប់ការនាំចេញវាយនភណ្ឌ។

លោកបានបន្ត យោងតាមស្ថិតិអាស៊ាន ប្រទេសកាណាដា ស្ថិតក្នុងចំណោមប្រទេសទាំង១០ ដែលវិនិយោគបរទេសផ្ទាល់ (FDI) នៅកម្ពុជា ហើយក្រៅពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទំនាក់ទំនងរវាងកាណាដា និងកម្ពុជា ក៏បានផ្សាភ្ជាប់តាមរយៈប្រជាជន និងប្រជាជនផងដែរ។ លោកបន្ថែមថា ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន គឺជាតំណាងនៃសំឡេងវិស័យឯកជនធំៗ ដែលមានប្រមាណជាង៩០សមាជិក មកពីវិស័យឧស្សាហកម្មផ្សេងៗគ្នា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ