ភ្នំពេញ ៖ គិតត្រឹមរយៈពេល ២សប្ដាហ៍កន្លងទៅនេះ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មន្រ្តី និងអាជ្ញាធរមូលដ្ឋានទូទាំងប្រទេសបានបន្តសកម្មភាពចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពបានជាង ៦ពាន់លើក ដោយមានការចូលរួមពីប្រជាពលរដ្ឋសរុបជាង៣សែននាក់។
ខ្លឹមសារសំខាន់នៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព រួមមាន ការទប់ស្កាត់បទល្មើសក្នុងសង្គម ការផ្ដល់សេវាសាធារណៈ ទប់ស្កាត់អំពើអនាចារ ការជួញដូរមនុស្ស ការងារអនាម័យនិងបរិស្ថាន ការទប់ស្កាត់គ្រោះថ្នាក់សង្គមលើពលរដ្ឋ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាដើម។
ក្នុងនាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានកោតសរសើរ និងលើកទឹកចិត្តខ្ពស់ដល់មន្រ្តី និងអាជ្ញាធរគ្រប់មូលដ្ឋានដែលបានបន្តគ្រប់សកម្មភាពអប់រំ ផ្សព្វផ្សាយគោលនយោបាយជាតិនេះយ៉ាងសកម្ម ក្នុងន័យឱ្យប្រជាពលរដ្ឋមានការយល់ដឹងជ្រួតជ្រាប និងយកទៅផ្សព្វផ្សាយបន្តនៅសហគមន៍របស់ខ្លួន ដើម្បីចូលរួមសហការគាំទ្រអាជ្ញាធរមូលដ្ឋាន អនុវត្តគោលនយោបាយនេះឱ្យបានជោគជ័យ។
សូមបញ្ជាក់ថា គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជាមរកតគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលមុន ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធភា ដោយមានសម្ដេចក្រឡាហោម ស ខេង ជាប្រតិបត្តិករដឹកនាំអនុវត្ត។ រហូតមកដល់នីតិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមាន លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលជាសេនាធិការក៏បានបង្កើនការយកចិត្តទុកដាក់ ពង្រឹងគុណភាពនៃការអនុវត្តគោលនយោបាយនេះ ដូចមានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ៕