នាយករដ្ឋមន្រ្តីកម្ពុជា សម្ដែងការព្រួយបារម្ភ និងសោកស្ដាយ នៃជម្លោះ អំពើហិង្សា ក្នុងតំបន់មជ្ឈិមបូព៌ា
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងនូវការព្រួយបារម្ភ និងសោកស្តាយចំពោះការកើនឡើងនៃជម្លោះ និងអំពើហិង្សា នៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលបណ្ដាលឱ្យជនស្លូតត្រង់ ជាច្រើនបាត់បង់ជីវិត។
បើតាមការអះអាង របស់ក្រុមមន្រ្តីអ៊ីស្រាអែល និងក្រសួងសុខាភិបាលនៅតំបន់Gaza បានឱ្យដឹងថា ទាហាននិងជនស៊ីវិល ជាង៥ពាន់នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារការវាយប្រហារគ្នា មិនដកដៃ រវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស និងកងទ័ពអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី៧ តុលា ។ ហើយក្នុងនោះមនុស្សជាង ២០០នាក់នៅតំបន់ Gaza ក៏ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ផងដែរ។
យោងតាម សេចក្ដីប្រកាសព័ត៌មានស្ដីពី “លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” បានឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការព្រួយបារម្ភ និងសោកស្តាយចំពោះការកើនឡើងនៃជម្លោះ និងអំពើហិង្សា នៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលបណ្ដាលឱ្យជនស្លូតត្រង់ ជាច្រើនបាត់បង់ជីវិត ក្នុងនោះក៏មានប្រជាពលរដ្ឋខ្មែរមួយរូប ដែលជានិស្សិតសិក្សា នៅអ៊ីស្រាអែល ផងដែរ។
សម្តេចធិបតី បានបង្ហាញពីជំនឿយ៉ាងមុតមាំថា ប្រទេសសមាជិក នៃក្រុមប្រឹក្សាសហប្រតិបត្តិការ ឈូងសមុទ្រ មានតួនាទីសមស្របបំផុត ក្នុងការជំរុញឱ្យ ភាគីពាក់ព័ន្ធទាំងអស់ រក្សាការអត់ធ្មត់ខ្ពស់បំផុត និងចាប់ផ្តើមកិច្ចសន្ទនា ក្នុងការឈានទៅរក កិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ការស្វែងរកដំណោះស្រាយ ដោយសន្តិវិធី,យុត្តិធម៌និងយូរអង្វែង។ សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ទៅលើ ភាពចាំបាច់នៃការធានា ដល់ការបញ្ជូន ជំនួយមនុស្សធម៌ឱ្យបានពេញលេញ និងទាន់ពេលវេលា ទៅដល់ប្រជាជននៅតំបន់ហ្គាហ្សា និងការធានា សុវត្ថិភាព និងការដោះលែងចំណាប់ខ្មាំងទាំងអស់ ឱ្យបានឆាប់បំផុតស្របតាមច្បាប់មនុស្សធម៌ អន្តរជាតិ ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ