ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនចាត់ទុកវិស័យឯកជន ឬអាជីវករលក់ថ្នាំពេទ្យ និងលក់ចំណីអាហារ ជាសត្រូវឡើយ ផ្ទុយទៅវិញ រាជរដ្ឋាភិបាល ចាត់ទុក ជាដៃគូមិនអាចខ្វះបាន ហើយក៏ជាគោលដៅត្រូវជួយដូចគ្នា។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ  តេជោសន្តិភាព» និងប្រកាសដាក់ឲ្យ អនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីក វិសាលភាពមូលនិធិសមធម៌  ដល់គ្រួសារងាយរងហានិភ័យ» នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ជាការពិតណាស់ ការអនុវត្តនូវវិធានការតឹងរឹង ដើម្បីសុខភាពប្រជាពលរដ្ឋ គឺជាការចាំបាច់ ប៉ុន្ដែក៏ត្រូវមានការបត់បែន ត្រូវមានភាពសហការគ្នាផងដែរ។

សម្ដេចធិបតី បន្ដថា រដ្ឋ គឺជាអ្នកគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន ដើម្បីឲ្យប្រជាពលរដ្ឋ អាជីវករ និងអ្នកប្រកបរបរលក់លក់ចំណីអាហារ លក់ថ្នាំ អាចប្រកបរបរដោយជោគជ័យ និងមានប្រសិទ្ធិភាព ក្នុងការផ្ដល់នូវ ចំណីអាហារ ឬថ្នាំ ដល់ប្រជាពលរដ្ឋដោយមិនមានបញ្ហាអ្វីឡើយ។

សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ខ្ញុំ សូមអំពាវនាវដល់បងប្អូនទាំងអស់ រាជរដ្ឋាភិបាល មិនចាត់ទុកបងប្អូនជាសត្រូវទេ ផ្ទួយទៅវិញ រាជរដ្ឋាភិបាល ចាត់ទុកបងប្អូនជីវករ ចាត់ទុកបងប្អូនអ្នកលក់ ទាំងអនឡាញ ទាំងផ្ទាល់ទាំងអស់ ទាំងចំណីអាហារ ទាំងថ្នាំ គឺដៃគូដែរ មិនអាចខ្វះបាន ហើយជាគោលដៅដែលរដ្ឋ ត្រូវបានជួយដូចគ្នា»។

លើសពីនេះ សម្តេចធិបតី ក៏បានអំពាវនាវដល់វិស័យឯកជន អាជីវករលក់ថ្នាំ និងចំណីអាហារ ចូលរួមជាមួយរាជរដ្ឋាភិបាល លើកកម្ពស់គុណភាពផលិតផល និងចំណីអាហាររបស់ខ្លួន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ