ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ករណីគ្រឿងញៀនត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ចាត់ទុកស្មើនឹងបញ្ហាសន្តិសុខជាតិ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចាប់ពីពេលនេះតទៅត្រូវរួមគ្នាទប់ស្កាត់ និងលុបបំបាត់ឲ្យខាងតែបាន ខណៈសព្វថ្ងៃនេះ គ្រឿងញៀនបានរីករាលដាលកាន់តែច្រើន ពោលគឺរហូតដល់ជនបទតែម្តង។

ថ្លែងនៅក្នុងកិច្ចប្រជុំ ស្តីពីការប្រកាសសមាសភាពបន្ថែម នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះនៅវិមានសន្តិភាព លោកឧបនាយករដ្ឋមន្រ្តី នេត សាវឿន បានបញ្ជាក់ថា យុទ្ធសាស្រ្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចាត់ទុកគ្រឿងញៀនជាមុំមួយ ឬជាស្នូលមួយក្នុងយុទ្ធសាស្រ្តបច្ចកោណរបស់រាជរដ្ឋាភិបាល ដោយសម្តេចចាត់ទុកគ្រឿងញៀននេះស្មើនឹងសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម ដោយសារតែបញ្ហាគ្រឿងញៀននេះហើយ នាពេលអនាគតយុវជនយើង និងស្រុកយើងបាត់បង់សមត្ថភាព បាត់បង់ពលកម្ម បាត់បង់បញ្ញាញាណ និងបាត់បង់ធនធានមនុស្សជាដើម។

លោកឧបនាយករដ្ឋមន្រ្តី នេត សាវឿន ក៏បានឲ្យដឹងផងដែរថា ប្រទេសកម្ពុជាថ្វីត្បិតតែជាប្រទេសមិនបានកែច្នៃ និងផលិតគ្រឿងញៀនក៏ពិតមែន ប៉ុន្តែកម្ពុជាត្រូវបានគេនាំចេញ និងនាំចូលឆ្លងកាត់ ខណៈបច្ចុប្បន្នមានការកើនឡើងគួរឲ្យព្រួយបារម្ភ ដូច្នេះហើយបានជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តី បានសម្រេចបង្កើនសមាសភាពបន្ថែមរហូតដល់២៤ក្រសួងស្ថាប័នដើម្បីរួមគ្នាទប់ស្កាត់ និងបង្រ្កាប ករណីនេះឲ្យបានក្នុងគោលបំណងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជាតិទាំងមូល។

ជាមួយគ្នានោះដែរ លោកឧបនាយករដ្ឋមន្រ្តី នេត សាវឿន ក៏បានស្នើឲ្យមានការដកចេញពី ក្របខណ្ឌ ក្រោយរកឃើញមន្រ្តីនគរបាលណាដែលប្រើប្រាស់ និងជាប់ពាក់ព័ន្ធគ្រឿងញៀន ខណៈករណីនេះ លោក បានកោតសរសើរ ដល់ក្រសួងការពារជាតិអនុវត្តបានយ៉ាងល្អ នឹងធ្វើការដកឈ្មោះចេញ ពីក្របខណ្ឌក្រោយមន្រ្តីយោធារបស់ខ្លួនប្រើប្រាស់គ្រឿងញៀននោះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ