អាល់កុលក្លែងក្លាយជាង ១ម៉ឺនលីត្រ ត្រូវបានបង្ក្រាប
ភ្នំពេញ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សហការជាមួយនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងនគរបាលមូលដ្ឋាន អាជ្ញាធរខណ្ឌ ក្រោមការសម្របសម្រួលនីតីវិធីពីលោកសាយ ណូរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្រ្កាប និងរឹបអូសអាល់កុលក្លែងក្លាយចំនួន៤០១កាន ស្មើនឹង១២០៣០លីត្រ កាលពីល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅផ្ទះលេខA23 ផ្លូវP4 ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល។
សមត្ថកិច្ចជំនាញ បានឲ្យដឹងថា អាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន១២០៣០លីត្រ គឺឈ្មួញ លួចស្តុកទុកសម្រាប់ចែកចាយដោយខុសច្បាប់ ។ អាល់កុលក្លែងក្លាយ ទាំងនេះ ជាមេតាណុលសុទ្ធ ដែលជាសារធាតុពុល ប៉ះពាល់សុខភាព ដល់អ្នកយកទៅប្រើប្រាស់ វាមិនមែនជាអាល់កុលទេ។
សមត្ថកិច្ច បញ្ជាក់ថា ក្រោយពីបង្ក្រាបចាប់បានអាល់កុលក្លែងក្លាយទាំងនេះ ត្រូវបានរឹបអុស យកទៅរក្សាទុកនៅនាយកដ្ឋាន ចំណែកម្ចាស់ទីតាំងមិនមានវត្តមានទីនោះឡើយ មានតែអ្នកតំណាងមើលការខុសត្រូវ ហើយបុរសរូបនោះ ត្រូវសមត្ថកិច្ច ធ្វើការឃាត់ខ្លួននាំមកសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕SS