ប្រទះឃើញប្រាក់កាសសម័យបុរាណ ១១៦កាស នៅជើងសសរនៃព្រះវិហារវត្តល្អក់ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប
សៀមរាប ៖ ក្រុមការងារជួសជុលព្រះវិហារវត្តល្អក់របស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញប្រាក់កាស (ស្លឹង) បុរាណសរុបទាំងអស់ប្រមាណ១១៦កាស ដែលគេបញ្ចុះនៅតាមជើងសសររបស់ព្រះវិហារវត្តល្អក់ ឬហៅវត្តអរញ្ញរង្សី ដែលស្ថិតនៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីពេលថ្មីៗ។
កាសបុរាណដែលគេប្រទះឃើញទាំងនោះមានបីប្រភេទ ដោយកាសនីមួយៗមានទំហំពី១៣-១៥មីលីម៉ែត្រ មានរូបសត្វហង្ស មួយបែបទៀតក៏មានរូបហង្សដែរ តែលាយដោយអក្សរចិនអានថា «ជី» មានន័យថា «សំណាងល្អ» និងកាសម្យ៉ាងទៀតមានអក្សរថា «ព្រះតំបង» ឯផ្ទៃម្ខាងទៀតមានរូបគ្រុឌ។
សហប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន លោក ប្លែស គីលីយ៉ង់ បានពន្យល់ថា កាសដែលមានរូបហង្ស គឺបានបោះពុម្ពឱ្យប្រើប្រាស់នៅស្រុកខ្មែរចាប់ពីអំឡុងសតវត្សទី១៦-១៩ ឯកាសមួយបែបទៀត មានរូប «ហង្ស» ដែរនិងមានអក្សរចិនអានថា «ជី» នោះ ភាគច្រើនបានបោះពុម្ព និងដាក់ឱ្យចរាចរនៅខេត្តបាត់ដំបងក្នុងអំឡុងសតវត្សទី១៩។ ចំណែកកាសមួយប្រភេទទៀត មានអក្សរថា «ព្រះតំបង» ហើយផ្ទៃម្ខាងទៀតមានរូបគ្រុឌគឺបោះពុម្ព និងចរាចរណ៍នៅខេត្តបាត់ដំបង អំឡុងនាសតវត្សទី១៩។
គេដឹងថា ព្រះវិហារវត្តល្អក់ មានតម្លៃប្រវត្តិសាស្ត្រ ទាំងវិស័យសាសនា និងសិល្បៈដោយសារតែវត្តនេះមានអាយុកាលយូរលង់មកហើយ។ វត្តល្អក់បានសាងសង់ឡើងដោយគ្រឿងបង្គុំធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងជុំវិញធ្វើពីឥដ្ឋបូកកំបោរបាយអរ។ សំណង់នេះមានសសរ៤ជួរ ដោយមាន២ជួរនៅកណ្តាលជាសសរកន្លោងនិង២ជួរទៀតជាសសរជើងរាង។ បច្ចុប្បន្នសសរឈើរបស់ព្រះវិហារ ដែលកប់ក្នុងដីជាច្រើនឆ្នាំមកហើយ កំពុងមានភាពពុកផុយខូចខាតខ្លាំងដែលអាចបង្កគ្រោះថ្នាក់ដល់ការស្នាក់នៅរបស់ព្រះសង្ឃ ហើយវាទាមទារឱ្យក្រុមអ្នកជំនាញធ្វើការជួសជុលជាចាំបាច់៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ